(ព្រះសីហនុ)៖ មន្រ្តីសាលាខេត្តព្រះសីហនុ បានប្រកាសឲ្យដឹងថា ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រផ្លូវ១៧២-១៧៣ កំពុងរងការជន់លិចប្រមាណ៣០០-៥០០ម៉ែត្រដោយសារជំនន់ទឹកភ្លៀង, សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤នេះ សូមជៀសទៅផ្លូវផ្សេង។
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ បានបន្តចេញសេចក្ដីប្រកាសព័ត៌មានថ្មីមួយបន្ថែមទៀត ដោយព្រមានពីការបន្ដជន់លិចនៅខេត្តព្រះសីហនុ និងខេត្តរតនគីរី ដោយសារតែឥទ្ធិពលភ្លៀង នៅតែបន្ដធ្លាក់យ៉ាងគំហុកជាប់ៗគ្នាទៅប៉ុន្មានថ្ងៃខាងមុខទៀត។
ក្រសួងធនធានទឹក បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ភ្លៀងធ្លាក់គំហុកជាប់ៗគ្នា ក្នុងកម្រិតខ្លាំងមានបរិមាណជាងរយមីលីម៉ែត្រស្ទើររៀងរាល់ថ្ងៃ ហើយបរិមាណសរុបរហូតដល់ ៨១៤មីលីម៉ែត្រ និងបន្ដធ្លាក់ទៅប៉ុន្មានថ្ងៃខាងមុខទៀត ដែលនេះជាហេតុបណ្ដាលឲ្យមានជំនន់ទឹកភ្លៀងធ្ងន់ធ្ងរកើតមានឡើង៕