(កំពង់ឆ្នាំង)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ កុំនេសាទត្រីក្នុងរដូវត្រីពង ឬរដូវបិទនេសាទដែលរាជរដ្ឋាភិបាលបានកំណត់។
ការថ្លែងបែបនេះ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដោយផ្ទាល់ ជូនដល់ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នករស់នៅជាមួយមេរោគអេដស៍សរុបចំនួន១,២៧៥គ្រួសារ ដែលរស់នៅភូមិចំនួន១៣ ឃុំចំនួន១០ នៃស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ដែលប្រារព្ធធ្វើឡើងនៅទីទួលសុវត្ថិភាព ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបន្ដថា «បងប្អូនដឹងហើយថា ត្រីមួយតើមានពងត្រីប៉ុន្មាន អីចឹងទេប្រសិនបើក្នុងរដូវត្រីពង យើងនាំគ្នាទៅលួចនេសាទខុសច្បាប់ យើងមិនត្រឹមតែបំផ្លាញផលប្រយោជន៍របស់បងប្អូនយើងទេ ត្រូវប្រឈមមុខជាមួយច្បាប់ ជាពិសេសសម្ភារឧបករណ៍រកត្រីរបស់យើង ក៏ត្រូវសមត្ថកិច្ចចាប់អូសយកទៅទៀត ដែលនេះធ្វើឱ្យយើងខាតបង់លើសដើម»។
ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ទទួចសុំដល់ប្រជាពលរដ្ឋរួមគ្នាអនុវត្ដន៍ធ្វើឱ្យបាន ត្រូវគោរពទៅតាមច្បាប់ដែលបានកំណត់ និងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន និងថែរក្សាសុខភាពឱ្យបានល្អ ដោយរក្សានូវអនាម័យក្នុងគ្រួសារជាប់ជានិច្ច ដើម្បីការពារនូវជំងឺដង្កាត់ផ្សេងៗ។
សូមជម្រាបថា កន្លងទៅថ្មីៗនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចេញសេចក្តីជូនដំណឹងពីរដូវបិទនេសាទ នៅក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់យកចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខ ដែលរួមមានខេត្តទាំងអស់ជំរុញបិទន្លេសាប និងបណ្តាខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ និងរាជធានីភ្នំពេញ និងខេត្តកណ្តាលផ្នែកខាងជើងចតុមុខ។ ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា ចំពោះដែននេសាទទឹកសាប ដែលស្ថិតនៅខាងត្បូង ខ្សែស្របទន្លេចតុមុខ ដែលមានរាជធានីភ្នំពេញ ផ្នែកខាងត្បូងចតុមុខ ខេត្តកណ្តាល ព្រៃវែង តាកែវ កំពង់ស្ពឺ និងស្វាយរៀង៕