(ភ្នំពេញ)៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបក្រុមចែកចាយគ្រឿងញៀន ជាបន្ដបន្ទាប់ចំនួន៣នាក់ និងដកហូតបានថ្នាំញៀនជាង២គីឡូក្រាម នៅខណ្ឌច្បារអំពៅ និងខណ្ឌចំការមន រាជធានីភ្នំពេញ។
មន្ដ្រីជាន់ខ្ពស់ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ ប្រតិបត្តិការនេះធ្វើឡើង នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ដោយអនុវត្តតាមការបញ្ជាដឹកនាំរបស់ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំផ្ទាល់កម្លាំងជំនាញ (ក៨) នៃមន្ទីរប្រឆាំងគ្រឿងញៀន។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា បង្ក្រាបក្រុមមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនេះ ធ្វើឡើងនៅ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១៖ នៅចំណុចផ្លូវបេតុង សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងគោលដៅទី២៖ នៅចំណុចក្នុងផ្ទះលេខ២៨AZ ផ្លូវលេខ២៧៨ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជាលទ្ធផល កម្លាំងជំនាញចាប់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ រួមមាន ទី១៖ឈ្មោះ អាន វាសនា អាយុ៣៨ឆ្នាំ, ទី២៖ឈ្មោះ សេក ស្រីប៉ុច ភេទស្រី អាយុ៣១ឆ្នាំ និងទី៣៖ឈ្មោះ ម៉ែន សុទ្ធសំណាង អាយុ២៦ឆ្នាំ។ វត្ថុតាងចាប់យក សារធាតុញៀនសរុប ទម្ងន់២.១១១គីឡូក្រាម ក្នុងនោះ មេតំហ្វេតាមីន គ្រាប់(WY)ទម្ងន់១៧៧.៤៦ក្រាម និងអ៊ិចស្តាស៊ីគ្រាប់ និងម្សៅទម្ងន់ ១,៩៣៣.៩៦ក្រាម៕