កោះកុង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តផ្ទុកកុងតីន័រ បុកជាមួយរថយន្តបែន បណ្តាលឲ្យក្រឡាប់ពេញផ្លុវ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ៧ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៤៩-១៥០ ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ជាប់ព្រំប្រទល់ម្ខាងផ្លូវជាមួយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ប្រភពបានឲ្យដឹងថា រថយន្តផ្ទុកកុងតឺន័រ ម៉ាកFuso ក្បាលពណ៌ត្រួយចេក របស់ក្រុមហ៊ុនផែស្ងួតតេងឡាយ ពាក់ស្លាកលេខ ភ្នំេញ 3E-4842 មានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ អ្នកបើកបរឈ្មោះ សឿន រស្មី ភេទប្រុស អាយុ 27ឆ្នាំ រស់នៅភូមិតាំងធ្នង់ សង្កាត់សំរោងក្រោម ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលមកដល់ចំណុចកើតហេតុរថយន្តផ្ទុកកុងតឺន័រ បានឡើងវ៉ារថយន្តមួយគ្រឿងផ្សេងទៀត ក្នុងស្ថានភាពផ្លូវកោងក៏ជ្រុលទៅបុកប៉ះនឹង រថយន្តបែនម៉ាកហុីណូ ក្បាលព៌ណស ពាក់ស្លាកលេខ ភ្នំពេញ 3E-1712 ក្នុងទិសដៅបញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ កន សាវាត ភេទប្រុស អាយុ 25ឆ្នាំ រស់នៅភូមិទូល ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
បើតាមសមត្ថកិច្ចបញ្ជាក់ថាហេតុការណ៍នេះមិនមាន មនុស្សគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ក្នុងនោះរថយន្តកុងតឺន័របានក្រឡាប់លើទ្រូងផ្លូវ ។
ក្រោយកើតហេតុ កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ សហការជាមួយនគរបាលរបស់ អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ការពារកន្លែងកើតហេតុនិង ជួយសម្រួលចរាចរណ៍៕