(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ដ្រីក្រុមការងារ និងភាគីពាក់ព័ន្ធ ប្រារព្ធទិវាប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រោមប្រធានបទ «បញ្ចប់ជំងឺគ្រុនឈាម ផ្ដើមចេញពីខ្ញុំ» ដែលប្រារព្ធធ្វើឡើង នៅសាសាបឋមសិក្សា សែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «ទិវាប្រយុទ្ធនឹងជំងឺគ្រុនឈាម ដែលរៀបចំឡើងនេះគឺជាការក្រើនលឹកដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យរួមគ្នាអនុវត្តវិធានការណែនាំចាំបាច់សម្រាប់បង្ការ និងប្រយុទ្ធនឹងជំងឺគ្រុនឈាម ដែលកំពុងកើតឡើងនៅក្នុងប្រទេសយើង»។
លោកបញ្ជាក់ថា ជំងឺគ្រុនឈាម នៅតែជាបញ្ហាសុខភាពសាធារណៈនៅកម្ពុជា ប៉ុន្ដែករណីជំងឺនេះ ក៏កំពុងធ្លាក់ចុះជាបន្តបន្ទាប់ពីចំនួន ៤៧៦៩ករណី ក្នុងសប្តាហ៍ទី២ ខែកក្កដា មកចំនួន ៣៩៣៣ករណី ក្នុងសប្ដាហ៍ទី៣ ខែកក្កដា ឆ្នាំ២០១៩។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា «ស្ទើរតែគ្រប់ខេត្តជំងឺគ្រុនឈាម បានធ្លាក់ចុះជាបន្តបន្ទាប់ នៅសល់តែខេត្តក្រចេះ ដែលមានការកើនឡើងបន្តិចបន្តួច និងខេត្តចំនួន៥ទៀត រួមមាន៖ រាជធានីភ្នំពេញ ព្រះវិហារ កណ្តាល កំពង់ចាម និងត្បូងឃ្មុំ ដែលចុះតិចតួច»។
ដើម្បីឆ្លើយតបទៅពឹងស្ថានភាពនេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានសហការជាមួយអង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន និងបណ្តាញសារព័ត៌មាន ដើម្បីធ្វើអន្តរាគមន៍ ដូចខាងក្រោម៖
ទី១៖ ចលនាការចូលរួម តាមរយៈការផ្សព្វផ្សាយ សារអប់រំសុខភាព តាំងពីដើមឆ្នាំ ២០០៩, ការអប់រំសុខភាពតាមប្រព័ន្ធផ្សព្វផ្សាយទាំងនេះ ធ្វើឡើង ស្របគ្នានឹងការរអប់រំក្នុងសហគមន៍ តាមរយៈសុខាភិបាលសាធារណៈនៅគ្រប់ថ្នាក់។ ការប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ដែលទទួលបានការឧបត្ថម្ភនៅថ្ងៃនេះ ជានិមិត្តរូបជាក់ស្តែងនៃការចូលរួមដ៏សកម្មមួយ។
ទី២៖ បានផ្ដល់ឱសថ បរិក្ខារ សេរ៉ូ គ្រប់គ្រាន់នៅតាមបណ្តាញចែកចាយរបស់ឃ្លាំងឱសថ និងត្រៀមឈាមសម្រាប់ប្រើប្រាស់តាមបណ្ដាញផ្ដល់ឈាម។ នៅឆ្នាំ២០១៩នេះ កម្មវិធីជាតិ បានធ្វើការបែងចែកឱសថ បរិក្ខារ សេរ៉ូម ប្លាស្មា ដល់ថ្នាក់ខេត្ដ ក្នុងនោះ រួមមាន អាប៊ែតប្រមាណ ជាង២០០តោន និងគ្រោងផ្ដល់រហូតដល់ជិត៣០០តោន ជាក់ស្ដែង ចាប់តាំងពីខែមករា ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ សកម្មភាពដាក់ថ្នាំបាណឃាដ( អាប៊ែត និងBti) និងថ្នាំមូសមានដូចជា៖
* ដាក់អាបែត និងBti បានចំនួន១៧៩ខណ្ឌស្រុក ស្មើនឹង ៩៣៦ សង្កាត់ឃុំ ស្មើនឹង ២០៥៤២ភូមិ ស្មើនឹង ១៤១៧៣៧ខ្នងផ្ទះ
* បាញ់ថ្នាំមូស បានចំនួន ១០៦ខណ្ឌស្រុក ស្មើនឹង ២៧០សង្កាត់ស្មើនឹង ១៣៤៥ភូមិ។
ចំណែក សេរ៉ូមេចំនួនប្រមាណជាង ៣ម៉ឺនដប បានចែកជូន មន្ទីរសុខាភិបាល ២៥ ខេត្ត-ក្រុង នឹងគ្រោងផ្តល់ជូនជាង ៧ម៉ឺនដបបន្ថែមទៀត។ កម្មវិធីជាតិក៏បានត្រៀមថ្នាំសម្រាប់បាញ់មូស ចំនួនជាង ៦០០០លីត្រ ដើម្បីទប់ទល់នឹងការរាតត្បាតជំងឺគ្រុនឈាម ដែលបាននិងកំពុងកើតមានឡើងនៅកម្ពុជា ហើយជាង ៤០០លីត បានចែកជូន មន្ទីរសុខាភិបាល២៥ ខេត្ត ក្រុង ។
ទី៣៖ បានបង្ហាត់គ្រូបង្គោលក្នុងការព្យាបាលជំងឺគ្រុនឈាម បានជាង ៣០០នាក់ ហើយបានបណ្តុះ បណ្តាលគ្រូពេទ្យព្យាបាល ទាំងផ្នែករដ្ឋ និងសេវាឯកជនបានជាង ១២០០នាក់ ដោយមានការចូលរួមយ៉ាងសកម្ម ពីអនុកម្មការគ្លីនិក និងនាយកដ្ឋានមន្ទីរពេទ្យ។
ទី៤៖ បានបណ្តុះបណ្តាលដល់កម្មវិធីជាតិ ប្រយុទ្ធនឹងជំងឺគ្រុនឈាមថ្នាក់ក្រោមជាតិទាំងអស់ ស្តីពីបទដ្ឋានបច្ចេកទេសសម្រាប់ឆ្លើយតបក្នុងករណីមានការផ្ទុះរាតត្បាត ជាទ្រង់ទ្រាយធំ និងស្ដីពីការបន្ដឃោសនាអប់រំផ្សព្វផ្សាយជាប្រចាំតាមសហគមន៍៕