(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ បានអំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋទាំងអស់បរិភោគសាច់ជ្រូក ដែលលក់លើទីផ្សារដូចធម្មតា ព្រមទាំងបានអំពាវនាវកុំឱ្យប្រជាពលរដ្ឋមានការបារម្ភអំពីជំងឺប៉េស្តជ្រូកអាហ្វ្រិកខ្លាំងពេក ដោយសារតែជំងឺនេះមិនឆ្លងដល់មនុស្សឡើយ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា «កុំមានការព្រួយបារម្ភអំពីបញ្ហាជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ព្រោះតាមការពិនិត្យតាមដានជាប្រចាំរបស់ក្រសួងជំនាញកម្ពុជា មកទល់ពេលនេះ គឺមិនមានឆ្លងមកមនុស្សទេ វាឆ្លងតែជ្រូកដូចគ្នាតែប៉ុណ្ណោះ»។
គិតចាប់តាំងពីដើមខែមេសាមក ជំងឺប៉េស្តជ្រូកអាហ្រ្វិកបានផ្ទុះឡើងជាថ្មីនៅប្រទេសកម្ពុជា ដែលរីករាលដាលដល់ខេត្តចំនួន ៥ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តកណ្តាល ដែលនាំឲ្យសត្វជ្រូកប្រមាណ៣ពាន់ក្បាលត្រូវបានងាប់ និងសម្លាប់ចោល។
ទោះជាយ៉ាងនេះក្តី ជំងឺនេះមិនមានជាហានិភ័យដល់សុខភាពមនុស្សទេ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួននៅតែមានការព្រួយបារម្ភខ្លាចទទួលទានចំសាច់ជ្រូកងាប់។
ខណៈដែលប្រជាពលរដ្ឋមានការខ្លាចរអារ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាជីវករដែលជាអ្នកចិញ្ចឹមជ្រូក និងលក់សាច់ជ្រូកបានត្អូញត្អែរខ្លាំង ដោយសារការលក់សាច់ជ្រូកមានការធ្លាក់ចុះជាបន្ដបន្ទាប់ ក្រោយពីមានការផ្ទុះជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ដោយសារតែប្រជាពលរដ្ឋផ្អាក ឬកាត់បន្ថយការទទួលទានសាច់ជ្រូក។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ជ្រូកស្លាប់ដែលមានផ្ទុកជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក គឺមិនត្រូវបានអនុញ្ញាតឲ្យលក់ដូរឡើយ ហើយខាងក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធលើបញ្ហានេះ បានតម្រូវឲ្យកប់ចោលតែម្ដង ព្រោះចៀសវាងការឆ្លងរីករាលដាលទៅកាន់ជ្រូកផ្សេងទៀតដែលនៅក្បែរនោះ៕