(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ តំណាងរាស្រ្ត អមដំណើរដោយ លោក-លោកស្រី ជាក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ បាន អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារអប់រំបច្ចេកទេស ១ខ្នង ដែលមានតំលៃ១៥ម៉ឺនដុល្លារ ដែលជាអំណោយរបស់អង្គការស៊ីភីស៊ី និងបានសំណេះសំណាលជាមួយមន្រ្តីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធចំនួនជិត២,០០០នាក់ នៅវិទ្យាល័យ ម៉ាឡៃ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោក ម៉ាថាយ ហ្កេបភឹត នាយកអង្គការមជ្ឈមណ្ឌលអប់រំ បណ្តុះបណ្តាលអាស៊ី អាគ្នេយ៍ អន្តរជាតិ (ស៊ីភីស៊ី) បាន សម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានចូលរូមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើ ការងារបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្ស ហើយអគារនេះ ជាអគារទី៥ក្នុងចំណោមអគារទាំង៩ ដែលទទួលបានការឯកភាពរួម ជាមួយលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន។
ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធ ពិសេសបងប្អូនអ្នកម៉ាឡៃទាំងអស់។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ខិតខំធ្វើការកសាងប្រទេសកម្ពុជាពីបាតដៃទទេគំនរផេះផង់សមុទ្រឈាមទឹកភ្នែក មករីកចម្រើនលើគ្រប់វិស័យប្រែក្លាយស្រុកម៉ាឡៃ ដែលពីមុនជាសមរភូមិវាយប្រយុទ្ធគ្នា ជាតំបន់អសន្តិសុខពោរពេញដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្លាយជាតំបន់ដែលមានសន្តិភាព និងការអភិវឌ្ឍ មានហេដ្ឋារចនាសម្ព័ន្ធ សមស្របសម្រាប់ការរស់នៅប្រកបរបរ ចញ្ចឹមជិវិតរបស់ប្រជាលរដ្ឋ។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងការកោតសសើរដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់កងកម្លាំងគ្រប់ប្រភេទ អង្គការស៊ីភីស៊ី ប្រជាពលរដ្ឋអ្នកម៉ាឡៃ នៃមហាគ្រួសារអ្នកបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែង រួមចំណែកយ៉ាងធំធេង ពង្រឹងបាននូវខឿនការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខ សណ្ដាប់ ធ្នាប់សង្គមទប់ស្កាត់ បានពីការប៉ុនប៉ងបំផ្លាញជាតិពីមជ្ឈដ្ឋានអគតិ ជំរុញបានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាព រស់នៅ និងសុខមាលភាពប្រជាពលរដ្ឋក្រោមការម្លប់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
ជាទ្រនាប់ដៃ ក្នុងឱកាសដ៏សប្បាយរីករាយ និងស្និទ្ធស្នាលនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកនូវអំណោយ ផ្តល់ចែកជូន រួមមាន៖
១៖ លោកគ្រូអ្នកគ្រូ ៣៣នាក់ ម្នាក់ៗទទួលបាន សារ៉ុង ១ ថវិកា ២ម៉ឺន រៀល
២៖ សិស្សានុសិស្ស ៥០០នាក់ ម្នាក់ៗទទួលបានសៀវភៅ ប៊ិច ខ្មៅដៃ និងថវិកា ៥ពាន់រៀល
៣៖ ប្រជាពលរដ្ឋ ១,០០០នាក់ ម្នាក់ៗទទួលបាន សារ៉ុង ១ និងថវិកា ១ម៉ឺន រៀល
៤៖ វិទ្យាល័យ ម៉ាឡៃ ថវិកា១លានរៀល។
នៅថ្ងៃដដែលនោះ ក្រោយពិធីសម្ពោធអគារអប់រំបច្ចេកទេសរួច ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានដឹកនាំក្រុមការងារចុះពិនិត្យមើល ការងារស្ដារបឹងកណ្តុរដែលមានទំហំដី២០ហិកតា ដើម្បីរក្សាទុកទឹកសម្រាប់ប្រើប្រាស់ ដែលបឹងនេះស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕