ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
សពរងគ្រោះឈ្មោះ ផល ប៉ូលី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ (ស្លាប់) មានស្រុកកំណើតស្រុកគងពិសី ខេត្តកំពុងស្ពឺ ចំណែកអ្នកជិះ ពីក្រោយត្រូវជាមិត្តភក្ដិមានឈ្មោះ អូន សុភក្រ្ក អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ (រងរបួសធ្ងន់) អ្នកទាំងជិះម៉ូតូម៉ាកនិច ពណ៌ខ្មៅ រីឯភាគីម្ខាងទៀត ដែលរងរបួសធ្ងន់មិនស្គាលអត្តសញ្ញាណទេ ជិះម៉ូតូម៉ាកឌ្រឹមសង់ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ HL-2022។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនទាំង២ក្រុម ជិះម៉ូតូតាមបណ្ដាលវេងស្រេង ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនដូចហោះ ស្រាប់មកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកគ្នាពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់បោកក្បាលស្លាប់ក្នុងថ្លុកឈាម ចំណែកយុវជន៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹង ទៅសង្រ្គោះភ្លាមៗ។
នៅកន្លែងកើតហេតុ សមត្ថកិច្ចឃើញមានពិលឆក់ នៅក្បែរម៉ូតូឌ្រឹមសង់ចំនួន១ និងដំបងដែករលាស់ នៅក្បែរម៉ូតូម៉ាកនិចចំនួន១ ទើបគេសន្និដ្ឋានថា ក្រុមនេះដេញវាយគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែង និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ ចុះមកធ្វើការវាស់វែង រួចធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះ ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕