(កំពង់ចាម)៖ រថយន្តធុនធំមួយគ្រឿង បានបើកបុកសិស្សស្រីចំនួន ៥នាក់ បណ្ដាលឲ្យស្លាប់ ២នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួស៣នាក់។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៣៖២០នាទីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ មុខវិទ្យាល័យ ជួន ណាត លើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
តាមសមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា ករណីរថយន្តធុនធំបើកបុកក្មេងសិស្សស្រីចំនួន ៥នាក់ ហើយបណ្តាលឲ្យស្លាប់ ២នាក់ភ្លាមៗ បង្កដោយអ្នកបើកបរឈ្មោះ មាស ម៉ារ៉ុន អាយុ២៤ឆ្នាំ មានទីលំនៅភូមិទួលពភ្លា ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ដោយឡែកសិស្សស្រីដែលស្លាប់ឈ្មោះ រុន ធារ៉ា អាយុ១៥ឆ្នាំ និងឈ្មោះ រុន សុខចាន់ អាយុ១៥ឆ្នាំ។ រីឯសិស្សឈ្មោះ ផែង ម៉ារីយ៉ា អាយុ១៦ឆ្នាំ, ឈ្មោះ ផែង សុភ័ង អាយុ១៦ឆ្នាំ និងឈ្មោះ នូ ពីន អាយុ១៧ឆ្នាំ រងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ដើម្បីចូលរួមរំឡែកទុក្ខគ្រួសារសពយុវតី ជាសិស្សនៃវិទ្យាល័យសម្តេច ជួន ណាត ឃុំក្រឡា តំណាងព្រះមេគណខេត្ត និងមន្ត្រីសង្ឃសាលាអនុគុណ ស្រុកកំពង់សៀម បាននាំយកបច្ច័យចូលបុណ្យ ក្នុងមួយគ្រួសារសព៣០ម៉ឺនរៀល រួមនិងសម្ភារមួយចំនួនផងដែរ ។
ដោយឡែកយុវតីរងរបួសចំនួន៣នាក់ទៀតទទួលបានថវិកា២០ម៉ឺនរៀល ក្នុងនោះម្ចាស់រថយន្តបង្ក បានចូលរួមរំលែកទុក្ខគ្រួសារសព ក្នុងមួយគ្រួសារ ២លានរៀលផងដែរ និងបន្តដោះស្រាយតាមនីតិវិធី៕