(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរលួចម៉ូតូម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។
សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ មានករណីបាត់ម៉ូតូ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅស ស៊េរីឆ្នាំ២០១៦ ស្លាកលេខភ្នំពេញ1FO-0380 នៅចំណុចផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជារបស់ឈ្មោះ ធឿន សេងធឹង ភេទប្រុស អាយុ២៧ឆ្នាំ។
បន្ទាប់ពីដឹងថា ម៉ូតូត្រូវបានចោរលួចយកទៅបាត់ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ។ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានស្រាវជ្រាវរហូតដល់កំណត់មុខសញ្ញា ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ម៉ាក រ៉ាវី អាយុ៣០ឆ្នាំ យកមកធ្វើការសួរនាំតែម្តង។
ក្រោយពេលឃាត់ខ្លួនបាន រូបគេបានសារភាពប្រាប់សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញថា រូបគេពិតជាបានដើរចូលទៅលួចម៉ូតូនៅក្នុងផ្ទះ ជនរងគ្រោះខាងលើ ពិតប្រាកដមែន ហើយបានយកម៉ូតូនោះទៅទុកកន្លែងផ្ញើម៉ូតូ នៅមន្ទីរពេទ្យកាល់ម៉ែត៕