(ភ្នំពេញ)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយ អប់រំ និងពិនិត្យទំនិញម្ហូបអាហារដែលដាក់លក់តាមផ្ទះ ស្ថិតនៅផ្សារស្បូវរីក និងផ្សារព្រងិល ក្នុងឃុំព្រងិល ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ ដោយបានដកហូតទំនិញខូចគុណភាព ចំនួន១០៤,២គីឡូក្រាម យកមកកំទេចចោលភ្លាមៗ។
បន្ទាប់ពីបានបញ្ចប់ការងារត្រួតពិនិត្យទំនិញ ក្រុមការងារសាខាកាំកុងត្រូល ក៏បានចុះផ្សព្វផ្សាយ អប់រំដល់ ក្មួយៗ ជាសិស្សានុសិស្ស នៅបឋមសិក្សាព្រងិល ឃុំព្រងិល ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ បានចំនួន១៥០នាក់ ឱ្យយល់ដឹងពីរបៀបពិនិត្យទំនិញ ការបរិច្ឆេទ ព្រមទាំងបញ្ហប្រឈមនានា ដែលបរិភោគអាហារគ្មានគុណភាព ហួសកាលកំណត់ផងដែរ។
ជាមួយគ្នានេះដែរ ក្រុមការងារក៏បានសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះពិនិត្យទីតាំងស្តុកប្រហិតមួយកន្លែង ដែលស្ថិតនៅភូមិ ក្បាលហុង ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ប៉ុន្តែរកពុំឃើញមានផ្ទុកសារធាតុគីមីនោះទេ៕