វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកត្រៀមខ្លួនធ្វើការវាយប្រហារជាថ្មីបន្តទៀត ទៅលើប្រទេសស៊ីរី ប្រសិនបើមានការប្រើប្រាស់អាវុធគីមី កើតមានឡើងសាជាថ្មី (បើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាល្ងាចថ្ងៃអាទិត្យ ទី១៥ ខែមេសា ឆ្នាំ២០១៨)។
ការព្រមានរបស់លោក ដូណាល់ ត្រាំ ខាងលើនេះបានកើតមានឡើង បន្ទាប់ពីអាមេរិក បារាំង និងអង់គ្លេស ដឹកនាំការវាយប្រហាររួមគ្នា ទៅលើទីតាំងចំនួនបីកន្លែងនៅក្នុងប្រទេសស៊ីរី ជាការឆ្លើយតបទៅនឹងការប្រើប្រាស់អាវុធគីមី ដែលអាមេរិកចោទថា របបដឹកនាំ អាស្សាដ ជាអ្នកវាយប្រហារទៅលើសង្កាត់ ឌួម៉ា ជាយទីក្រុងដាម៉ាស់ ដែលបានសម្លាប់មនុស្សជាង ៤០នាក់នោះ។
កងទ័ពរដ្ឋាភិបាលស៊ីរីបានអះអាងដដែលជាដដែលថា ខ្លួនមិនបានប្រើប្រាស់អាវុធគីមីអ្វីនោះឡើយ ដោយរឿងរ៉ាវគ្រប់យ៉ាង គឺជាការប្រឌិតឡើងដោយក្រុមឧទ្ទាម ដែលគាំទ្រដោយសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ គួរបញ្ជាក់ថា ការវាយប្រហារកាលពីថ្ងៃសៅរ៍ ទៅលើប្រទេសស៊ីរី គឺជាការវាយលុកដ៏ខ្លាំងក្លាមួយមិនធ្លាប់មាន ដោយលោកខាងលិចត្រង់ៗតែម្តង ទៅលើរបបដឹកនាំស៊ីរី ខណៈដែលអន្តរជាតិ (UN) មិនបានគាំទ្រចំពោះទង្វើនេះឡើយ។
ទោះបីជាបែបនេះក្តី សេចក្តីព្រាងថ្កោលទោសអាមេរិក និងសម្ព័ន្ធមិត្ត ដែលរៀបចំឡើងដោយរុស្ស៊ី ក៏ត្រូវបានក្រុមប្រឹក្សាសន្តិសុខ UN ដែលមានសមាជិក ១៥ ប្រទេស នោះទាត់ចោលផងដែរ៕