(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២៣៧គ្រួសារ រស់នៅក្នុងភូមិចំនួន ៣២ភូមិ នៃឃុំត្រពាំងជោ និងឃុំតាសាល តំបន់រលាក់កងជេីង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ការចែកអំណោយនេះ បានប្រព្រឹត្តទៅនៅទីតាំងទី១ នៅវត្តត្រពាំងជោ សម្រាប់ប្រជាពលរដ្ឋ ១៤០គ្រួសារ និងទីតាំងទី២ នៅវត្តតាលូតមានជ័យ សម្រាប់ប្រជាពលរដ្ឋ ៩៧គ្រួសារ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ លោកជំទាវអគ្គលេខាធិការរងទី ១ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅ និងតែងតែចាត់ឱ្យមន្ត្រីក្រោមឱវាទចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតពិតប្រាកដដែលត្រូវការឱ្យជួយជាចាំបាច់ និងចូលរួមផ្តល់អំណោយសម្រាលការលំបាកក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។
ទន្ទឹមនឹងនេះ លោកស្រីអគ្គលេខាធិការរងទី ១ បានពាំនាំសារអំពាវនាវរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ថែទាំសុខភាព ជាពិសេស បង្ការនិងទប់ស្កាត់ជំងឺឆ្លង ២ប្រភេទគឺ ជំងឺគ្រុនឈាម និងជំងឺប៉េសជ្រូក ដែលកំពុងរីករាលដាលសព្វថ្ងៃនេះ។
ត្រូវសម្រាន្តក្នុងមុងជានិច្ច បរិភោគទឹកឆ្អិន និងមានអនាម័យជុំវិញផ្ទះ ហេីយប្រសិនបេីក្តៅខ្លួន ឬចេញរោគសញ្ញាណាមួយត្រូវប្រញាប់ទៅមន្ទីរពេទ្យដេីម្បីព្យាបាលជាបន្ទាន់ ជៀសវាងបណ្តែតបណ្តោយពេលវេលាធ្វេីឱ្យប៉ះពាល់ដល់អាយុជីវិត។ ត្រូវជៀសឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសង ដែលជាប្រភពនៃអំពេីហិង្សា និងអសន្តិសុខក្នុងសង្គម។ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងបេីកបរដោយប្រុងប្រយ័ត្នរាល់ពេលធ្វេីដំណេីរ។
ជាមួយគ្នានេះ លោកស្រីបានថ្លែងនូវក្តីរីករាយជាមួយប្រជាពលរដ្ឋនៅតំបន់នេះ ដែលពីមុនធ្លាប់មានជំលោះប្រដាប់អាវុធ បានប្រែក្លាយជាមានសន្តិភាព និងការរីកចម្រេីន។
ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ បានថ្លែងអំណរគុណនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរ និងផ្សារភ្ជាប់ជានិច្ចជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋដោយក្តីមេត្តា ករុណា និងគ្មានការរេីសអេីងអ្វីឡេីយ។
អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) និងថវិកាចំនួន ២ម៉ឺនរៀល។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានឧបត្ថម្ភក្នុងម្នាក់ៗ នំប៉័ង ១ដេីម និងទឹកសុទ្ធ ១ដប។
សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ក៏បាននាំយកទៀនវស្សាមួយគូ ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទាំងពីរខាងលេីផងដែរ៕