ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

អត្ថបទ​វិភាគ​៖ ស្ថានភាព​នយោបាយ​កម្ពុ​ជា​នៅមុន និង​ក្រោយ​ការបោះឆ្នោត​សាកល ខែ​កក្ត​ដា ឆ្នាំ​២០១៨

ភ្នំពេញ ៖ មកទល់​ពេល​នេះ​គឺ​នៅសល់​តែ​រយៈពេល​បី​ខែ​ប៉ុណ្ណោះ​ដែល​ការបោះឆ្នោត​សាកល​ជ្រើសតាំង​តំណាងរាស្ត្រ​អាណ​តិ្ត​ទី​៦ (២០១៨ -២០២៣) នឹង​ចូលមក​ដល់​។ ទោះបីជា​ប្រជាជន​កម្ពុជា​បាន​អបអរសាទរ​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំច សំ​រិទ្ធី​ស័ក ពុទ្ធ​សករាជ​២៥៦២ យ៉ាង​សប្បាយ​រីករាយ​ក្ដី ហើយ​អាកាសធាតុ​រដូវប្រាំង​ហួតហែង​បាន​បន្ថយកម្ដៅ​បន្តិច​ជាមួយនឹង​ការ​ភ្លៀង​ដើម​ឆ្នាំ​ក៏​ពិតមែន ប៉ុន្តែ​កម្ដៅ​នយោបាយ​កម្ពុជា​ហាក់​មិនទាន់​បាន​ស្រាកស្រាន្ត​នៅឡើយ​។ អ្នក​នយោបាយ​ប្រឆាំង​មួយចំនួន​នៅតែ​ជាប់​ឃុំឃាំង ខ្លះ​បាន​រត់គេច​ទៅ​ក្រៅប្រទេស ខ្លះ​សម្ងំ​ស្ងាត់ស្ងៀម​រង់ចាំ​សភាពការណ៍ និង​ខ្លះទៀត​កំពុង​បន្ត​យុទ្ធនាការ​ទាមទារ​ភាព​យក​ស្របច្បាប់​របស់​ខ្លួន​មកវិញ​។ ប្រទេស​មហាអំណាច លើកលែង​តែ​ចិន និង​រុស្ស៊ី ប្រទេស​មួយចំនួន​ដែល​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ប្រទេស​ម្ចាស់​ជំនួយ និង​អង្គការ​អន្តរជាតិ​ជាច្រើន រួមទាំង​អង្គការសហប្រជាជាតិ​ផង បាន​ស្នើ​ដោយ​ទទូច​ឱ្យ​អ្នកនយោបាយ​ខ្មែរ​បញ្ចុះ​កម្ដៅ​នយោបាយ​។ ពួកគេ​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​ស្គាល់​ឡើងវិញ​នូវ​តួនាទី​របស់​គណបក្សប្រឆាំង សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ ដើម្បី​បង្ក​បរិយាកាស​អនុគ្រោះ​សម្រាប់​ការបោះឆ្នោត​មួយ​ដែល​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​។ ប្រសិនបើ​សំណើ​របស់​ពួកគេ​មិន​ត្រូវ​បាន​រដ្ឋាភិបាល និង​គណបក្ស​កាន់​អំណាច​ឆ្លើយតប​ជា​វិជ្ជមាន​ទេនោះ ពួក​គេ​គម្រាម​ដាក់​វិធានការណ៍​កាន់តែខ្លាំង​ថែម​ទៀត ដែល​អាច​ឈាន​ទៅ​ផ្ដាច់ជំនួយ​អភិវឌ្ឍន៍​ទាំង​ស្រុង និង​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ថែម​ទៀត​។​

​ស្ថិត​នៅ​ចំពោះមុខ​ស្ថានការណ៍​នេះ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់ អំណាច​និង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​ព្រងើយកន្តើយ​ចំពោះ​សំណូមពរ​ទាំងនោះ​។ មិនតែប៉ុណ្ណោះ គេ​ថែមទាំង​ចោទប្រកាន់​ប្រទេស​ទាំងនោះ​ថា​នៅ​ពីក្រោយ​ខ្នង​គណបក្សប្រឆាំង និង​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ថែមទៀត​។ គេ​នៅតែ​ប្រើ​វោហា​សាស្ត្រ​ដដែលៗ​ថា ការធ្វើ​បែប​នេះ​គឺ​ដើម្បី​រក្សា​សុខ​សន្តិភាព និង​ការអភិវឌ្ឍ​ន៏​សម្រាប់​ប្រទេស​និង​ប្រជាជន​កម្ពុជា​។ គេ​ហៅ​ខ្លួនឯង​ថា​ជា​អ្នក​ផ្ដល់​សន្តិភាព​និង​ការអភិវឌ្ឍ​ន៏ ហើយ​ហៅ​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​បដិវត្តន៍​ពណ៌​និង​ហិង្សា​។ ពាក្យពេចន៍​ទាំងអស់នោះ​សឹងតែ​ក្លាយទៅជា​មេសូត្រ​រត់មាត់ សម្រាប់​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រីរាជការ​តាម​ក្រសួង ស្ថាប័ន​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ កង​នគរបាល និង​គណៈ​ការងារ​ពង្រឹង​មូលដ្ឋាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​លំដាប់ថ្នាក់​ទៅហើយ​។​

​តាមមើលទៅ ការបោះឆ្នោត​សាកល​ខែកក្កដា ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្ត​ទៅ​តាម​ការគ្រោងទុក ទោះ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ បរិយាកាស​នយោបាយ​អាប់អួរ និង​អវត្តមាន​ស្ថាប័ន​សង្គម​ស៊ីវិល និង​សារព័ត៍មាន​ឯករាជ្យ​ក៏ដោយ​ចុះ​។ ស្ថានការណ៍​នេះ​នឹង​ធ្វើឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ជោគ ជ័យ​ភ្លូកទឹកភ្លូកដី​ជាថ្មី​ម្ដងទៀត​ដូច​លទ្ធផល​ឆ្នោត​ឆ្នាំ​២០០៨​ទៀតផង​។ មកទល់ពេលនេះ គេ​មិន​ទាន់​ឃើញ​សញ្ញា​វិជ្ជមាន​ណាមួយ​នៃ​ការផ្ដល់​នីតិសម្បទា​ឡើងវិញ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​ជាន់​ខ្ពស់​ទាំង​១១៨​នាក់​នៅ​ឡើយ​ទេ ហើយ​បរិយាកាស​នយោបាយ​ជាទូទៅ​ក៏​មិនទាន់​បាន​ល្អ​ប្រសើរ​ឡើង​វិញ​នៅឡើយ​ដែរ​។ ទោះជា​មាន​គណបក្ស​ជាច្រើន​បានប្រកាស​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ខែ​កក្កដា​ក៏ដោយ តែ​គណបក្ស​ទាំងនោះ​មើល​ទៅ​ហាក់ដូចជា​ទៅ​ចូល​ជួយ​បង្គ្រប់កិច្ច​តែ​ប៉ុណ្ណោះ ដោយ​មិន​មាន​យុទ្ធសាស្ត្រ​នយោបាយ​សក្ដានុពល​ដើម្បី​ដឹកនាំ​ប្រទេស ឬ​ជួយ​កែប្រែ​គោលនយោបាយ និង​អត្តចរិត​ដឹកនាំ​របស់​ប្រមុខ​ដឹកនាំ​បក្ស​កាន់​អំណាច​ទាល់តែសោះ​។ សង្គម​ស៊ីវិល និង​សារព័ត៍មាន​ឯករាជ្យក៏​នៅ​តែ​ដំណើរការដោយ​លំបាក​។​

​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែល​ជា​ស្ថាប័ន​ត្រូវ​នៅ​អព្យាក្រឹត្យ​ពី​គណបក្ស​នយោបាយ តែ​ជា​មនុស្ស​សំខាន់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាសថា ការបោះឆ្នោត នឹង​ប្រព្រឹត្ត​ទៅ​តាម​ការគ្រោងទុក ទោះជា​មាន ឬ​គ្មាន​បក្សប្រឆាំង​ក៏ដោយ​។ លោក​ថា អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​មានន័យថា ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​ជាប់គាំង​នោះទេ ព្រោះ​មាន​គណបក្ស​ជាច្រើន​ទៀត​ដែល​នឹង​ត្រូវ​ចូល​ប្រកួត​ក្នុង​ការបោះឆ្នោត​នេះ​។ ជាមួយគ្នានេះ ប្រទេស​ចិន និង​ជប៉ុន ក៏​បាន​ជួយ​គាំទ្រ​ហិរញ្ញវត្ថុ​ដល់​ការបោះឆ្នោត និង​សន្យា​នឹង​បញ្ជូន​អ្នកសង្កេតការណ៍​មក​តាមដាន​ការបោះឆ្នោត​។ សូម្បី​តែ​ប្រទេស​រុស្ស៊ី​ក៏​ផ្ដល់​ការគាំទ្រ​និង​សន្យា​បញ្ជូន​អ្នកសង្កេតការណ៍​មក​ដែរ​។​

​អ្នកវិភាគ​ឯករាជ្យ​នានា​បាន​លើកឡើង​ថា ក្រៅពី​ប្រទេស​ជប៉ុន ប្រទេស​ចិន​និង​រុស្ស៊ី​ជា​ប្រទេស​មិន​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ទាល់តែសោះ​ក្នុង​ការរៀបចំ​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​។​

​យ៉ាងណាមិញ អតីត​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​ក៏​មិន​នៅ​ស្ងៀម​ដែរ​។ ពួកគេ បានធ្វើ​យុទ្ធនាការ​ការទូត​ជា​បន្តបន្ទាប់​ដោយ​ទទួលបាន​ជោគជ័យ​គួរឱ្យ​កត់សម្គាល់​មួយ​ចំនួន ជាពិសេស ចំពោះ​ការគាំទ្រ​ជា​អន្តរជាតិ​ចំពោះ​ការផ្ដល់​នីតិសម្បទា​ឡើងវិញ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​និង​មន្ត្រី​ជាន់​ខ្ពស់​ទាំង​១១៨​រូប និង​ការអនុញ្ញាត​ឱ្យ​គណបក្ស​នេះ​បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​។ ក្នុងនោះដែរ ប្រទេស​ជប៉ុន​ដែល​ធ្លាប់តែ​មាន​ប្រពៃណី​ការទូត​ស្ងប់ស្ងាត់​ក៏​បាន​ស្នើ​ឱ្យ​ធ្វើយ៉ាងណា​ឱ្យ​ដំណើរការ​បោះឆ្នោត​ពេលខាងមុខ​ប្រព្រឹត្ត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ផងដែរ​។​

​នៅ​ចំពោះមុខ​ភាព​ព្រងើយកន្តើយ​របស់​គណបក្ស​កាន់អំណាច និង​រាជរដ្ឋាភិបាល​កម្ពុជា​បែបនេះ ប្រជាជន​ខ្មែរ​ជាច្រើន ជាពិសេស​អ្នក​មាន​សមានចិត្ត​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​គិតថា ពួកគេ​អាច​នឹង មិន​ទៅ​បោះឆ្នោត​ទេ​។ លោក​សម រង្ស៊ី ដែល​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ក៏​បាន​អំពាវនាវ​ឱ្យ​អ្នកបោះឆ្នោត​ធ្វើពហិកា​ការបោះឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ​ផង​ដែរ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ប្រកួត​ទេនោះ​។​

​ជា​ការពិត​ណាស់ អ្នក​ដែល​ធ្លាប់​បោះឆ្នោតឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០១៧ មាន​រហូតដល់​ជាង​៣​លាន​នាក់​ឯណោះ ជា​ចំនួន​ដែល​ប្រដំប្រសង​នឹង​អ្នកគាំទ្រ​គណបក្សកាន់អំណាច​ដែរ​។ តែ​ទោះជា​យ៉ាងណាក្ដី ដោយសារ​ច្បាប់​បោះឆ្នោត​កម្ពុជា​មិនបាន​កំណត់​ភាគរយ​អប្បបរមា​នៃ​អ្នកបោះឆ្នោត​ដែល​អាច​ត្រូវ​បដិសេធន៍​លទ្ធផល​ឆ្នោត និង​ការបោះឆ្នោត​ឡើងវិញ​នោះ ការ​មិន​ទៅ​បោះឆ្នោត​មិន​អាច​បង្ក​បញ្ហា​ប្រឈម​ធំដុំ​សម្រាប់​ការបោះឆ្នោត​នេះឡើយ​។ ប្រធាន គ​.​ជ​.​ប នា​ពេល​ថ្មីៗ​នេះ​បាន​ថ្លែងថា ទោះបី​អ្នក​បោះឆ្នោត​មាន​ត្រឹម​៥០{98b3f5c68390df4898e9a755133e507753ab5f372f07a0cae4249ad4944ef6b9} ក៏​អាច​ទទួលយក​បាន​ដែរ​។​

​ដោយសារ​ការ​បោះឆ្នោត​សាកល ខែកក្កដា ឆ្នាំ​២០១៨ នឹង​ត្រូវ​ប្រព្រឹត្តទៅ​ដោយ​គ្មាន​ការកែប្រែ​នោះ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ឈ្នះ​ការបោះឆ្នោត​ភ្លូកទឹកភ្លូកដី​ម្ដងទៀត ពី​ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រជែង​ដ៏​មាន​សក្ដានុពល មិនបាន​ចូលរួម ហើយ​មិន​មាន​គណបក្ស​ខ្លាំង​ណាមួយ​ដែល​ធ្វើឱ្យ​អ្នក​បោះឆ្នោត​ទុកចិត្ត​បាន​។ អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើឱ្យ​អ្នកគាំទ្រ​គណបក្ស​នេះ​មិន​ទៅ​បោះឆ្នោត ដែល​នឹង​ធ្វើឱ្យ​អ្នកបោះឆ្នោត​ភាគច្រើន​លើសលុប​ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។ ជាមួយគ្នានេះ អ្នក​ទៅ​បោះឆ្នោត​អាចមាន​ចំនួន​តិច​ត្រឹម​៥០{98b3f5c68390df4898e9a755133e507753ab5f372f07a0cae4249ad4944ef6b9}​ប្រសិនបើ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើពហិកា ជាពិសេស​ជាមួយ​បទពិសោធន៍​ដែល​ពួកគេ​ទទួលបាន​ពី​ការបោះឆ្នោត​ឆ្នាំ​២០១៣ និង​២០១៧ ដែល​ឆន្ទៈ​របស់​ពួកគេ​ត្រូវបាន​គេ​រំលោភ​បំពាន​នោះ​។ ទោះជា​យ៉ាងណា​ក្ដី រាជរដ្ឋាភិបាល​ថ្មី​ក្រោយ​ការបោះឆ្នោត​ខែកក្កដា ឆ្នាំ​២០១៨ អាច​នឹង​បាត់បង់​ធម្មានុរូប​ភាព ទាំង​ផ្ទៃ​ជាតិ​និង​អន្តរជាតិ ដោយសារ​កង្វះ​ការគាំទ្រ​ពី​អ្នក​បោះឆ្នោត​ក្នុង​ចំនួន​ច្រើន និង​មិន​មាន​ការគាំទ្រ​ពេញលេញ​ពី​អន្តរជាតិ​។​

​ទោះជា​មាន​ការរំពឹង​ទុក​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​មាន​សំឡេង​ភាគច្រើន​លើសលុប ទាំង​នៅ​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល​នៅ​អាណត្តិ​ទី​៦ (២០១៨-២០២៣) យ៉ាងណាក្ដី គណបក្ស​នេះ​នឹង​ត្រូវ​បាន​ទទួល​រង​ការ​សើចចំអក និង​រិះគន់ ទាំង​ពី​មជ្ឈដ្ឋាន​ប្រជាជន​កម្ពុជា​ក៏ដូចជា​សហគមន៍​អន្តរជាតិ​។ ការបាត់បង់​ធម្មានុរូប​ភាព​ពេញលេញ​បែប​នេះ​នឹង​បង្កើតឡើង​នូវ​អស​មាន​ចិត្ត​គាំទ្រ​រាជរដ្ឋាភិបាល​ថ្មី ទាំង​ក្នុង​មជ្ឈដ្ឋាន​ជាតិ​ក៏​ដូច​ជា​អន្តរជាតិ ដែល​នឹង​ធ្វើឱ្យ​ប៉ះពាល់​មុខមាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​ថ្មី​។ ដោយ​ប្រឈម​មុខ​នឹង​បញ្ហា​នេះ គេ​សង្ឃឹមទុក​ថា គណបក្ស​ប្រជាជន​កម្ពុជា​អាច​នឹង​ច​ចារ​ផ្ដល់​នីតិសម្បទា​ដល់​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រីជាន់ខ្ពស់​របស់​ខ្លួន​ទាំង​១១៨​រូប​ឡើង​វិញ​នៅក្នុង​ពេល​ណា​មួយ​នា​ពេល​ខាងមុខនេះ​។ ទោះជា​យ៉ាងណា​ក្ដី គណបក្ស​សង្គ្រោះ​ជាតិ​ដែល​អាច​រស់​ឡើង​វិញ​នេះ​នឹង​មិន​មាន​អាសនៈ​ណាមួយ​ទាំង​នៅ​ថ្នាក់ជាតិ និង​នៅ​ថ្នាក់ក្រោម​ជាតិ រហូត​ដល់​ការបោះឆ្មោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០២២​។ ដូច្នេះ ដំណើរការ​ទូទៅ​របស់​ស្ថាប័ន​ជាតិ​ពេញ​អាណត្តិ​ទី​៦ (២០១៨-២០២៣) នឹង​ប្រព្រឹត្តទៅ​ដោយ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​៕​

 

 

Filed in: ទស្សនៈ និង វិភាគ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com