មណ្ឌលគិរី ៖ រថយន្តដឹកឈើល្មើសច្បាប់មួយចំនួន ដែលរកឃើញក្នុងព្រៃជ្រៅពាក់ព័ន្ធនឹងឧកញ៉ា ស៊ឹង សំអុល ក្នុងរឿងបំផ្លាញព្រៃឈើ ត្រូវបានកម្ទេចចោលនៅនឹងកន្លែង ព្រោះពិបាកក្នុងការនាំចេញមកក្រៅវិញនោះ ខណៈសំណុំរឿងនៃការចាប់ខ្លួនឧកញ៉ារូបនេះ និងបក្ខពួកអាចនឹងផ្ទេរមកកាន់សាលាដំបូងរាជធានីភ្នំពេញ ។
នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បានថ្លែងថា រថយន្តដឹកឈើនៅក្នុងព្រៃចំនួន ៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃ ត្រូវធ្វើការបំផ្លាញចោលតែម្តង ដោយប្រើម្សៅ TNT ។ សម្រាប់រថយន្តល្មើសជាង ៤០គ្រឿងទៀត ដែលត្រូវបានបង្ក្រាប និងរឹបអូសផងដែរនោះ រង់ចាំការកាត់ចោល និងបំផ្លាញចោលនៅពេលក្រោយ ។
សូមបញ្ជាក់ថា កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង៤០គ្រឿងផងដែរ ។ ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក៣នាក់ផ្សេងទៀត អាចផ្ទេរមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត ។
ពាក់ព័ន្ធនឹងការបញ្ជូនសំណុំរឿងខាងលើមកសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និយាយប្រាប់កាសែតក្នុងស្រុកថា ជនសង្ស័យនៅមិនទាន់បញ្ជូនមកដល់ដៃអយ្យការនៅឡើយទេ ដោយស្ថិតក្នុងដៃសមត្ថកិច្ច ៕