ការចុះបិទទីតាំងសិប្បកម្មផលិតទឹកក្រូចមានយីហោ លឹម ភ័ណ្ឌ ដោយមានការចូលរួមពីសំណាក់ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ អមដោយលោកព្រះរាជអាជ្ញារង ដួង សារ៉ន លោកឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា អនុប្រធានលេខាធិការដ្ឋាន រួមទាំងសមត្ថកិច្ច អធិការក្រុងស្ទឹងសែន និងប៉ុស្តិ៍រដ្ឋបាល ផងដែរ ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញា និងលោក លោក ឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា បានដឹកនាំកម្លាំងពិនិត្យក្នុងសិប្បកម្ម លឹម ភ័ណ្ឌ ដែលសង្ស័យថា មានការផលិតខុសបច្ចេកទេស ដែលជាហេតុនាំឲ្យ ប៉ះពាល់ដល់សុខភាព ដល់ប្រជាពលរដ្ឋ និងសិស្ស ខណៈទឹកក្រូច ដែលមានស្លាកសញ្ញា LP កំពុងតែចរាចរណ៍ យ៉ាងគគ្រឹកគគ្រេង និងចែកចាយយ៉ាង ទូលំទូលាយ ក្នុងខេត្តកំពង់ធំ សៀមរាប និងព្រះវិហារ និងខេត្តមួយចំនួនទៀត ។
ក្នុងរោចក្រផលិតទឹកក្រូច សមត្ថកិច្ចបានរកឃើញផលិតផលមានសារធាតុគីមីជាច្រើនមុខ សម្រាប់លាយផ្សំក្នុងទឹកក្រូច និងរកឃើញចំណុចមិនប្រក្រតីចំនួន៦មុខ រួមមាន៖
- ទី១-មិនបានសុំច្បាប់ចុះបញ្ជីផលិតផល នៅលើសំបកវេចខ្ចប់ មិនមាន ច.ប.ផ,
- ទី២-នៅលើសំបកវេចខ្ចប់ដាក់អាសយដ្ឋានមិនពិតប្រាកដ,
- ទី៣-មិនមានវិញ្ញាបនបត្របញ្ជាក់ គុណភាព,
- ទី៤-ប្រើប្រាស់សារធាតុគីមី (សម្រាប់ផលិតទឹកក្រូច ),
- ទី៥-ទំនិញនាំចូលគ្មានប្រភពច្បាស់លាស់,
- ទី៦-រក្សាទុកទំនិញខូចគុណភាព និង ហួសកាលបរិច្ឆេទ
- ទី៧ នៅលើសំបកវេចខ្ចប់ទឹកសុទ្ធមិនមានចុះបញ្ជី( CS)។
សកម្មភាពការផលិតទឹកក្រូច ក្លែងក្លាយរបស់ សប្បកម្មផលិតទឹកក្រូច គឺគ្រប់ដបនីមួយៗ ដាក់មេនិងពណ៌ ដោយបង្ហូរចេញពីធុងស៊ីទែន ហើយបញ្ជូលទៅក្នុងដប ក្រោយមកយកដបដែល ដាក់មេទឹកក្រូចទីច្រល ទឹកពីក្បាលរ៉ូម៉េនេ និងបានតាមពណ៌ដែលតម្រូវការ ហើយយកមកវិចខ្ចប់ ដឹកលក់តាមទីផ្សារ ក្នុងនោះក៏រកឃើញ សារធាតុគីមី និង ជីអីរ៉េ និងម្សៅសម្រាប់លាយទឹកក្រូចជាច្រើនមុខទៀត សមត្ថកិច្ចបាននាំយកវត្ថុ តាងមួយចំនួនមកពិនិត្យនៅស្នងការនគបាលខេត្តកំពង់ធំ ដើម្បីរកសារធាតុហាមឃាត់ និងធ្វើកំណត់ហេតុ។
រោងសិប្បកម្ម ត្រូវបាន លោក អ៊ិត សុធា ព្រះរាជអាជ្ញា បិទទីតាំងបណ្តោះអាសន្ន រងចាំសមត្ថកិច្ចតាមចាប់ខ្លួនម្ចាស់សិប្បកម្មឈ្មោះ លឹម ភ័ណ្ឌ នាំមកដោះស្រាយតាមនិតិវិធីច្បាប់ ៕















