(ព្រះសីហនុ)៖ ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ លោកវេជ្ជបណ្ឌិត សេង ណុង នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានប្រកាសរកសាច់ញ្ញាតិជនរងគ្រោះចំនួន២នាក់ (ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់) ដែលត្រូវរថយន្តគ្លីនិកឯកជន ដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្ត កាលពីយប់មិញ។
លោកវេជ្ជបណ្ឌិតបន្តថា របួសជនរងគ្រោះខាងលើ កើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅម៉ោង១១យប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ប៉ុន្តែសមត្ថកិច្ចមិនស្គាល់អត្តសញ្ញាណ ឬមានសាច់ញ្ញាតិមកមើលថែអ្នកជំងឺ និងយកអ្នកស្លាប់ទៅធ្វើបុណ្យនៅឡើយទេ។
ដោយឡែកគ្រោះថ្នាក់ចរាចរណ៍នេះ នគរបាលខេត្តព្រះសីហនុ ក៏បានប្រកាសរកសាច់ញាតិរបស់ជនរងគ្រោះចំនួន ៣នាក់ ដែលមិនស្គាល់អត្តសញ្ញាណ ក្នុងនោះម្នាក់ស្លាប់ និង២នាក់ទៀតរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីម៉ោង១១យប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ នៅផ្លូវបំបែកចូលទៅវត្តអូរត្រេះជិតមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ១។
គ្រោះថ្នាក់នេះ សមត្ថកិច្ចអះអាងថា ជនរងគ្រោះជិះម៉ូតូឌុបគ្នា ៣នាក់ បើកបរក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុករថយន្តដឹកទំនិញធុនធំមួយគ្រឿង ចំពីក្រោយយ៉ាងពេញទំហឹង។
យ៉ាងណាក៏ដោយចុះ ចំពោះកិច្ចការផ្លូវច្បាប់ សមត្ថកិច្ចនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តនីតិវិធីតាមច្បាប់៕