(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ផ្លូវជាតិលេខ២១ ដែលចេញពីក្រុងតាខ្មៅ ដល់ជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ជាប់ព្រំប្រទល់វៀតណាម នឹងរៀបចំដាក់ជញ្ជីថ្លឹងរថយន្តនៅពេលឆាប់ៗនេះ ដើម្បីធានាសុវត្ថិភាពផ្លូវកុំឱ្យមានការខូចខាតអាចប្រើប្រាស់បានយូរអង្វែង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងដូចនេះ ក្នុងពេលរូបលោកដឹកនាំក្រុមការងារ ជិះកង់ត្រួតពិនិត្យមើលផ្លូវជាតិលេខ២១ ដោយចេញពីកីឡដ្ឋានស្រុកកោះធំ ឆ្ពោះទៅភូមិជ្រៃធំ ឃុំសំពៅពូន ជាប់ព្រំប្រទល់វៀតណាម នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ការចុះពិនិត្យមើលផ្លូវដោយជិះកង់នេះ ដើម្បីពិនិត្យមើលពីគុណភាពផ្លូវឱ្យបានកាន់តែច្បាស់ ព្រោះបើចុះមើលផ្លូវដោយជិះរថយន្ត មើលមិនច្បាស់នោះទេ មិនដឹងថាផ្លូវមានខូចខាតចំណុចណាខ្លះនោះទេ។ ជាក់ស្តែងនៅក្នុងការចុះពិនិត្យផ្លូវនេះដែរ បានឃើញចំណុចអវិជ្ជមានច្រើន ក្នុងនោះឃើញថា មានកន្លែងមួយចំនួនមានការខូចខាត ហើយក្រុមការងារក្រសួង បានគូសបញ្ជាក់ដើម្បីឱ្យក្រុមហ៊ុនសាងសង់ធ្វើការជួសជុល អ៊ុតឡើងវិញផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ចំពោះផ្លូវជាតិលេខ២១នេះ នៅសល់ប្រវែង៩គីឡូម៉ែត្រ នៅមិនទាន់បានសាងសង់រួចរាល់។ នៅថ្ងៃទី១៧ ខែកក្កដា ខាងមុខ នឹងមានក្រុមហ៊ុនឯករាជមួយមកសិក្សាវាយតម្លៃលើផ្លូវជាតិលេខ២១។
រដ្ឋមន្ត្រីក្រសួងសាធារណការ បានបញ្ជាក់ទៀតថា ផ្លូវជាតិលេខ២១នេះ នឹងដាក់ជញ្ជីងថ្លឹងរថយន្តនៅពេលឆាប់ៗនេះផងដែរ។ ដោយទីតាំង និងកន្លែង គឺមានរួចរាល់អស់ហើយ ការដាក់ជញ្ជីងនេះ ដើម្បីធ្វើការត្រួតពិនិត្យទៅលើរថយន្តដឹកទំនិញធំៗ ក្នុងគោលដៅបញ្ចៀសឱ្យបានការដឹកទំនិញលើសការកំណត់ ដែលជាហេតុធ្វើឱ្យផ្លូវខូច មិនអាចជាប់រឹងមាំ ប្រើប្រាស់បានយូរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអំពាវនាវដល់អ្នកបើកបររថយន្តទាំងអស់ត្រូវគោរពច្បាប់ចររាចរណ៍ទាំងអស់គ្នា ត្រូវយករថយន្តទៅធ្វើការត្រួតពិនិត្យឱ្យបានត្រូវ ជៀសវាងការបង្ករគ្រោះថ្នាក់ផ្សេងៗ ហើយមិនត្រូវដឹកទំនិញលើសទម្ងន់កំណត់របស់ច្បាប់ ដែលជាហេតុធ្វើឱ្យផ្លូវខូចនោះទេ៕