ភ្នំពេញ៖ ជនសង្ស័យម្នាក់ រត់កង់បី មិនសូវបានលុយបង់ថ្លៃសាលាកូន បែកគំនិតធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ រួចព្យាយាមជិះគេច ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងដេញតាមពីក្រោយរហូតឃាត់ខ្លួនបាន តែម្តង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ៥១ ផ្លូវ២០អា ស្ថិតនៅភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកវរសេនីយ ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ ឆេង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឆ្លូង ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ (ជនសង្ស័យពុំមានសារធាតុញៀនឡើយ) ។ ចំណែកជនរងគ្រោះមានឈ្មោះ សឿន ផល្លា ភេទប្រុស អាយុ៣៧ឆ្នាំ ។
ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HQ-2952 មានលេខតួ និងលេខម៉ាស៊ីន5502644 ដែកជ្រុងចុងសំប៉ែតស្រួច ចំនួន០៣ សោរលេខ៨រាងអក្សរតេ (T) ចំនួន០១ កូនសោរម៉ូតូចំនួន០២ ដាវដៃវែងពណ៌ផ្ទះមេឃចំនួន១ ម្ជុលខ្ទាស់ចំនួន០១ ដែកឆក់គ្រាប់កូនសោរ កញ្ចប់បារីចិន ពណ៌សូកូឡាចំនួន០១ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HQ2952 ត្រឡប់មកពីជូនកូនដាក់សាលាអនុវិទ្យាល័យទៀន ស្ថិតនៅភូមិទៀន សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ មកដល់ផ្ទះស្ថិតនៅភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ហើយជនរងគ្រោះបានទុកម៉ូតូម៉ាកខាងលើ នៅក្នុងដីឡូតិ៍ខាងមុខផ្ទះលេខ៥១ ស្ថិតនៅភូមិថ្មីខាងលើ ដោយបានចាក់សោ.កត្រឹមត្រូវ រួចជនរងគ្រោះបានដើរឡើងទៅលើផ្ទះ រហូតដល់ម៉ោង១០ព្រឹកថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានលឺសូរសម្លេង ជនសង្ស័យធ្វើសកម្មភាពកាច់សោ.កម៉ូតូ ហើយជនរងគ្រោះក៏បានស្ទុះអើតមើលពីលើផ្ទះតាមមាត់ទ្វារឃើញជនសង្ស័យកំពុងជិះម៉ូតូម៉ាកខាងលើ ឡើងទៅលើផ្លូវលេខ២០អា ទៅពីលិចទៅកើត ដែលមានចម្ងាយពីកន្លែងដាក់ម៉ូតូប្រហែល២០ម៉ែត្រ។ ពេលនោះជនរងគ្រោះក៏បានស្រែកឆោឡោថា ចោរ រួចក៏មានកម្លាំងសមត្ថកិច្ចកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុនោះស្រាប់ បានជួយធ្វើអន្តរាគមន៍ ដេញតាមពីក្រោយ រហូតដល់ចំណុចផ្លូវបំបែក៥០ម៉ែត្រ និងផ្លូវទំនប់៧មករា ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវីធីច្បាប់ ហើយជនរងគ្រោះក៏បានមកដាក់ពាក្យ បណ្តឹងចំឈ្មោះជនសង្ស័យដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕