(ព្រះសីហនុ)៖ ភ្លៀងធ្លាក់មួយមេធំ ចាប់ពីយប់រហូតមកដល់វេលាជិតថ្ងៃត្រង់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ បណ្តាលឲ្យតំបន់ទំនាបមួយចំនួន ក្នុងក្រុងព្រះសីហនុ ត្រូវលិចលង់យ៉ាងខ្កាំង។
តំបន់លិចលង់ទាំងនោះមានដូចជាផ្នែកខ្លះ នៅតាមផ្លូវឯករាជ្យ និងភូមិដ្ឋានពលរដ្ឋខ្លះទៀត នៅម្តុំផ្លូវអ៊ឹលវី ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង។
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ ទទួលបន្ទុកផ្នែកប្រព័ន្ធលូ អូរ និងប្រឡាយ បានឲ្យដឹងថា រាល់ថ្ងៃនេះ ក្រុងព្រះសីហនុ តែងមានជំនន់ទឹកភ្លៀងជន់លិច នៅពេលមានភ្លៀងខ្លាំងធ្លាក់មកម្តងៗ។
មន្ត្រីដដែលបន្តថា ជំនន់ទឹកភ្លៀងជន់លិចនៅថ្ងៃនេះ វាមិនមែនជាលើកទី១ទេ នៅក្រុងព្រះសីហនុ ហើយថា ជំនន់ជន់លិចនេះ បណ្តាលមកពីទំហំអូរ និងប្រឡាយរំដោះទឹកភាគច្រើន បានរួមតូច បណ្តាលមកពីការសាងសង់ផ្ទះ និងសំណង់ផ្សេងៗ របស់ប្រជាពលរដ្ឋមួយចំនួន បានរំលោភនៅលើដីចំណីមាត់អូរ និងប្រឡាយ ដោយខុសច្បាប់។
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុបន្តទៀតថា រាល់ថ្ងៃនេះ នាមូលដ្ឋានក្រុងព្រះសីហនុ គឺមានសំណង់មួយចំនួន បានសាងសង់ដោយគ្មានប្រព័ន្ធលូក្រោមដី ហើយបានចាក់ដីលុបបិទផ្លូវទឹកហូរជាដើម។
បន្ថែមលើនេះ ក៏មានសំរាមរសាត់អណ្តែតបិទមាត់លូមួយចំនួនទៀតផង ទើបធ្វើឲ្យចរន្តទឹកហូរៗមិនទាន់ នាំឲ្យមានជំនន់ទឹកភ្លៀងលិចលង់ផ្ទះប្រជាពលរដ្ឋ និងផ្លូវធ្វើដំណើរមួយចំនួន។
មន្ត្រីបន្តថា បច្ចុប្បន្នជំនន់ជន់លិចនេះ រដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងធ្វើការដោះស្រាយជាបន្តបន្ទាប់ ដោយប្រើវិធានការបច្ចេកទេសនាំយកគ្រឿងចក្រ កាយបើកផ្លូវទឹកហូរផង និងប្រើវិធានការផ្លូវច្បាប់ ទៅលើជនទាំងឡាយណា ដែលរំលោភយកដីចំណីមាត់អូរ និងប្រឡាយ ធ្វើកម្មសិទ្ធិខុសច្បាប់ ដើម្បីឈានទៅរំដោះទឹកជន់លិច ពេលមានភ្លៀងធ្លាក់ខ្លាំងមកម្តងៗ។
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ មានជំនឿថា សកម្មភាពនាំយកគ្រឿងចក្រ មកជីកាយអូរ ប្រឡាយ និងការស្ថាបនាប្រព័ន្ធលូបង្ហ្ហូ ទឹក្រោមដី ដើម្បីរំដោះទឹកភ្លៀង របស់ក្រុមអ្នកបច្ចេកទេសជំនាញ នៃរដ្ឋបាលខេត្តព្រះសីហនុ នឹងអាចឈានទៅរំដោះជំនន់ទឹកភ្លៀងនាក្រុងព្រះសីហនុ ទទួលបានជោគជ័យ ក្នុងពេលដ៏ឆាប់ៗ នាពេលខាងមុខ៕