ភ្នំពេញ ៖ ឃ្លាំងស្តុកខោអាវជជុះមួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នៅជិតសាលាចិន ទួនហ្វា ផ្លូវលេខ១៧៣ និងលើផ្លូវ១៦៧ ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ហើយមកវេលាម៉ោង៦ព្រឹក សមត្ថកិច្ចមិនទាន់អាចគ្រប់គ្រងស្ថានការណ៍បាននៅឡើយ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ទីតាំងដែលអគ្គីភ័យឆេះបំផ្លាញនេះ ជាឃ្លាំងសម្រាប់ស្តុកខោអាវជជុះ ដោយពុំមានមនុស្សនៅនោះទេ គឺចាក់សោរឃ្លាំងចោល។ លុះដល់វេលាកើតហេតុ ស្រាប់តែមានឃើញអណ្ដាតភ្លើងឆេះចេញពីខាងក្នុងមក ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅក្បែរនោះ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍ភ្លាមៗ។






