(ព្រះសីហនុ)៖ ថ្លែងក្នុងកិច្ចប្រជុំបូងជាមួយមន្ត្រីរាជការសាលាខេត្តបន្ទាប់ពីបានប្រកាសចូលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានផ្តាំផ្ញើដល់មន្ត្រីទាំងអស់ត្រូវផ្តើមធ្វើទំនាក់ទំនងគ្នារវាងថ្នាក់ដឹកនាំ និងមន្ត្រីឲ្យបានល្អ ហើយត្រូវការទទួលខុសត្រូវ និងអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន មិនត្រូវធ្វើការតាមទម្លាប់នោះទេ គឺត្រូវធ្វើតាមច្បាប់ជាគោល។
ទន្ទឹមនោះ លោក គួច ចំរើន បានគូសបញ្ជាក់ថា មិនមាន
រើកកាយរឿងអតីតកាលនោះទេ ពោលមន្ត្រីទាំងអស់ ត្រូវចាប់ដៃគ្នាធ្វើការចាប់ពីពេលនេះតទៅ ដើម្បីអនុវត្តគោលការណ៍ទាំង១៣ចំណុច ដែលលោកបានដាក់ចេញឲ្យទទួលបានជោគជ័យ។
បន្ថែមលើសនេះ អភិបាលខេត្តព្រះសីហនុ ដែលទើបឡើងកាន់តំណែងថ្មីៗនេះ បានណែនាំឲ្យរៀបចំប្រតិទិនការងារប្រចាំថ្ងៃ របស់គណៈអភិបាលខេត្ត និងធ្វើការផ្សព្វផ្សាយនៅលើ Facebook រដ្ឋបាលខេត្ត។ ចំពោះការតែងតាំងមន្ត្រី គឺនឹងលើកទឹកចិត្តមន្ត្រីដែលមានសមត្ថភាព ជាពិសេសមន្ត្រីជាស្ត្រីដែលមានសក្តានុពល៕