បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែ នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកក្កដានេះ មានស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូន និងស្ត្រីមានកូនអាយុក្រោម២ឆ្នាំ ចំនួន១៨,៧២៥នាក់ហើយ ទទួលនូវគោលនយោបាយគាំពារសង្គម តាមរយៈកម្មវិធីឧបត្ថម្ភថវិកានេះ។
ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញសំណេះសំណាលជាមួយថ្នាក់គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាកុមារ ពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី និងផ្ទេរការគ្រប់គ្រងសាលា ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាវិញ។
តាមរយៈគោលនយោបាយគាំពារសង្គម នៃកម្មវិធីឧបត្ថម្ភកម្មវិធីឧត្ថម្ភប្រាក់ដល់ស្រ្តីមកពីគ្រួសារក្រីក្រ ចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនមានអាយុក្រោមពីរឆ្នាំនេះ នឹងជួយឲ្យកុមារដែលមានបញ្ញាខ្សោយ ឬមានកាយសម្បទាមិនគ្រប់គ្រាន់ ថយចុះជាងមុនផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវនេះកម្មវិធីគាំពារសង្គមទៅលើបញ្ហាស្ត្រីមានផ្ទៃពោះ បាននិងកំពុងអនុវត្តន៍ហើយ ក្នុងរយៈពេលតែមួយខែទេ។ មកដល់ថ្ងៃទី៣០ ខែមិថុនាម្សិលមិញ ស្ត្រីដែលមកពិនិត្យផ្ទៃពោះ ឆ្លងទន្លេ និងអ្នកមានកូនក្រោមអាយុ២ឆ្នាំ មាន១៨៧២៥ករណី។ យើងមានឧបត្ថម្ភចែកជា៣ផ្នែក ដោយផ្នែកទី១ អ្នកដែលមានផ្ទៃពោះទៅពិនិត្យ៤ដង ដោយពិនិត្យម្តងទទួលបានប្រាក់ ដែលពីមុនទៅពិនិត្យគេទារលុយ ឥឡូវទៅពិនិត្យហើយគេឲ្យលុយមកវិញ ដើម្បីធានាថាសុខភាពរបស់កុមារ ដែលជាផ្នែកមួយ នៃអាហារូបត្ថម្ភមុនពេលសម្រាល។ ដល់ថ្ងៃសម្រាលយើងឧបត្ថម្ភម្តងទៀត បន្ទាប់ពីសម្រាលរួចហើយ យើងត្រូវឧបត្ថម្ភ៨ដងទៀត។ អីចឹងខ្ញុំគិតថាចំនួនអ្នកដែលបានកើតឡើងហើយមានបញ្ញាខ្សោយ ឬមានកាយសម្បទាមិនគ្រប់គ្រាន់ នឹងអាចកាត់បន្ថយតាមរយៈនយោបាយគាំពារសង្គមនេះ»។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការអនុវត្តន៍កម្មវិធីឧបត្ថម្ភកម្មវិធីឧត្ថម្ភប្រាក់ដល់ស្រ្តីមកពីគ្រួសារក្រីក្រ ចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនមានអាយុក្រោមពីរឆ្នាំ មិនមែនជារឿងចៃដន្យនោះទេ គឺជាការគិតគូរយ៉ាងម៉ត់ចត់ ដើម្បីចង់ឲ្យប្រជាពលរដ្ឋរបស់យើង មានសុខភាពល្អ។
យោងតាមសេចក្តីប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលបានឱ្យដឹងថា កម្មវិធីឧបត្ថម្ភថវិកា ៧៦ម៉ឺនរៀល ចែកជា៣ដំណាក់កាល។ ដំណាក់កាលទី១ គឺនៅពេលមានផ្ទៃពោះ គឺត្រូវផ្តល់ប្រាក់ចំនួន ៤ដង មួយដង ៤ម៉ឺនរៀល, ដំណាក់កាលទី២ គឺនៅពេលសម្រាល ត្រូវផ្តល់ប្រាក់២០ម៉ឺនរៀល និងដំណាក់កាលទី៣ គឺនៅក្រោយពេលសម្រាល រហូតដល់កូនអាយុក្រោមពីរឆ្នាំ គឺត្រូវផ្តល់ប្រាក់ចំនួន ១០ដង ក្នុងមួយដង ៤ម៉ឺនរៀល។
ក្នុងករណីកំលុងពេលមានផ្ទៃពោះ ហើយកូនរលូត ក៏ទទួលបានការឧបត្ថម្ភផងដែរ។ ក្នុងនោះបើកូនក្នុងផ្ទៃដែលរលូតមានអាយុ១២សប្តាហ៍ ទទួលបានការឧបត្ថម្ភប្រាក់ ៤ម៉ឺនរៀលមួយដង។ បើកូនដែលរលូតមានអាយុចន្លោះ ពី១២សប្តាហ៍ ទៅ ២៤សប្តាហ៍ ទទួលបានប្រាក់ឧបត្ថម្ភប្រាក់ ៤ម៉ឺនរៀលចំនួនពីរដង។
រាជរដ្ឋាភិបាល ក៏នឹងឧបត្ថម្ភផងដែរចំពោះករណីដែល ទារកសម្រាលមកហើយ តែបែរជាស្លាប់បាត់បង់ជីវិត។ ចំពោះករណីនេះ ទទួលបានការឧបត្ថម្ភ ២០ម៉ឺនរៀលក្នុងពេលសម្រាល និងនៅពេលទៅពិនិត្យសុខភាព ទទួលបាន ៤ម៉ឺនរៀល ចំនួន ៣ដងបន្ថែមទៀត។
ដោយឡែកក្នុងករណីក្រោយពេលសម្រាលម្តាយស្លាប់បាត់បង់ជីវិតវិញ ថវិកាត្រូវបានឧបត្ថម្ភជូនទៅអាណាព្យាបាលស្របច្បាប់។ ថវិកាត្រូវផ្តល់ចំនួន២០ម៉ឺនរៀលនៅពេលសម្រាល ហើយត្រូវប្រគល់ចំនួន ១០ដងទៀត ក្នុងមួយដង ៤ម៉ឺនរៀល នៅពេលយកកូនទៅទទួលសេវាថែទាំសុខភាពរហូតដល់កូនអាយុ ២ឆ្នាំ។
ការផ្តល់សាច់ប្រាក់នេះ នឹងត្រូវធ្វើឡើងតាមធនាគារឯកទេស Wing ដែលរាជរដ្ឋាភិបាលបានបង្កើតគណនេយ្យ និងប្រគល់កាត Wing រួចជាស្រេចជូនទៅដល់ស្រ្តីមានបណ្ណសមធម៌ចេញដោយក្រសួងផែនការ និងបណ្ណអាទិភាពចេញដោយមន្ទីរពេទ្យរបស់រដ្ឋ ឬមណ្ឌលសុខភាព៕