(ភ្នំពេញ)៖ មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩ នៅឯដីឡូតិ៍មួយកន្លែង ជិតស្ពានលីយ៉ុងផាត់ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយជនសង្ស័យបានដឹកមនុស្សតាមរថយន្តយកទៅដុតចោល ដោយជនរងគ្រោះគេសន្និដ្ឋានជាជំហ៊ានដំបូងថាជាមនុស្សស្រី។
មន្ត្រីអាវុធហត្ថខណ្ឌជ្រោយចង្វារមួយរូបបានបញ្ជាក់ប្រាប់ថា នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅលើដីឡូតិ៍ដីព្រៃមួយកន្លែងជិតស្ពានលីយ៉ុងផាត់ គេបានឃើញផ្សែងហុយ ហើយមានធុំក្លិនឈ្ងៀមក៏នាំគ្នាទៅមើល ស្រាប់តែប្រទះឃើញសាកសពមួយត្រូវបានភ្លើងឆេះ នៅសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ។
មន្ត្រីអាវុធហត្ថដដែលបានបន្តថា បន្ទាប់ពីពិនិត្យសាកសពទៅ គឺសង្ស័យជាមនុស្សស្រីច្រើនជាងមនុស្សប្រុស ព្រោះនៅកន្លែងកើតហេតុបានបន្សល់អាវទ្រនាប់មួយពណ៌ខ្មៅ និងវត្ថុតាងផ្សេងទៀតផងដែរ។
ដោយឡែកជនសង្ស័យ ដែលបានដឹកមនុស្សតាមរថយន្តយកទៅដុតចោលនៅដីឡូតិ៍ខាងលើ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ជាមួយគ្នានេះ សមត្ថកិច្ចបានអំពាវនាវផងដែរថា បើបងប្អូនមានបាត់សមាជិកនៅក្នុងគ្រួសារ សូមទាក់ទងមកអាវុធហត្ថខណ្ឌជ្រោយចង្វារ ដើម្បីយកពិនិត្យសាកសព ក្រែងស្គាល់ ឬក៏ត្រូវជាសាច់ញាតិ៕