(កណ្ដាល)៖ សាកសពបុរសម្នាក់ ត្រូវបានគេយកមកផ្លុងចោល នៅចំណុចស្ពានព្រែករូងទី២ ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែតលេខ ២៨-២៩ ភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ។
ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់នៅមុននេះបន្ដិចថា សាកសពនេះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយអាយុប្រហែល៣៨ឆ្នាំ ទៅ៤០ឆ្នាំ កម្ពស់១.៥០ម៉ែត្រ ពាក់អាវក្រៅដៃវែង (អាវកីឡា) ពណ៌ខ្មៅ លាយឆ្នូតលឿង អាវក្នុងអាវយឺតពណ៌ខៀវ ស្លៀកខោសាច់ក្រអាត់ជើងវែងពណ៌គគី។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ព្រះរាជអាជ្ញា កំពុងដឹកនាំកម្លាំងសមត្ថកិច្ចហ៊ុព័ទ្ធកន្លែងកើតហេតុ ដើម្បីពិនិត្យ និងស្រាវជ្រាវរកក្រុមគ្រួសារ ប៉ុន្ដែលោកទាន់អាចប្រាប់ថា នេះជាករណីអ្វីនៅឡើយទេ ពោលសមត្ថកិច្ចកំពុងស្រាវជ្រាវតាមនីតិវិធី។
គួរជម្រាបថា នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ក៏មានករណីប្រទះឃើញសពមួយដែរ នៅលើដីឡូតិ៍ដីព្រៃមួយកន្លែងជិតស្ពានលីយ៉ុងផាត់ ដោយគេបានឃើញផ្សែងហុយ ហើយមានធុំក្លិនឈ្ងៀមក៏នាំគ្នាទៅមើល ស្រាប់តែប្រទះឃើញសាកសពមួយត្រូវបានភ្លើងឆេះ នៅសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ។
មន្ត្រីអាវុធហត្ថ បានបញ្ជាក់ថា បន្ទាប់ពីពិនិត្យសាកសពទៅ គឺសង្ស័យជាមនុស្សស្រីច្រើនជាងមនុស្សប្រុស ព្រោះនៅកន្លែងកើតហេតុបានបន្សល់ អាវទ្រនាប់មួយពណ៌ខ្មៅ និងវត្ថុតាងផ្សេងទៀតផងដែរ។ ដោយឡែកជនសង្ស័យ ដែលបានដឹកមនុស្សតាមរថយន្តយកទៅដុតចោលនៅដីឡូតិ៍ខាងលើ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ជាមួយគ្នានេះ សមត្ថកិច្ចបានអំពាវនាវផងដែរថា បើបងប្អូនមានបាត់សមាជិកនៅក្នុងគ្រួសារ សូមទាក់ទងមកអាវុធហត្ថខណ្ឌជ្រោយចង្វារ ដើម្បីយកពិនិត្យសាកសព ក្រែងស្គាល់ ឬក៏ត្រូវជាសាច់ញាតិ៕