ព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានចាកចេញពីកន្លែងកើតហេតុ ឆ្ពោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយសម្តេចមិនប្រកាន់ខ្លួន អញ្ជើញឡើងជិះលើរថយន្តសាមុយ ជាមួយនិងជនរងគ្រោះ ដើម្បីសួរសុខទុក្ខ និងពិនិត្យមើលដោយផ្ទាល់ នៅក្នុងមន្ទីរពេទ្យ ដោយសាររងគ្រោះក្នុងការបាក់រលំអគារកម្ពស់៧ជាន់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង០៤និង២០នាទី រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា ចំនួនអ្នកស្លាប់កើនដល់២៨នាក់ និងអ្នករបួស២៦នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសព ជាបន្តបន្ទាប់។
សូមបញ្ជាក់បន្ថែមថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញមកដល់ក្រុងព្រះសីហនុហើយនាវេលាម៉ោង ១១ យប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីត្រួតពិនិត្យនិងដឹកនាំការរុករកជនរងគ្រោះដែលមានជាប់ នៅក្នុងគំនរអគារបាក់រលំ និងសង្គ្រោះជាបន្តជាមួយបងប្អូនដែលកំពុងធ្វើការនៅទីនោះស្រាប់ ៕