នៅការិយាល័យឯកឧត្ដមអភិបាលខេត្ត កាលពីព្រឹកថ្ងៃចន្ទ ០៧ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលជួបជាមួយក្រុមការងារជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការស្ថាបនាផ្លូវ និងលូ នៅក្រុងបាវិត ដែលកំពុងអនុវត្តដោយធនាគារអភិវឌ្ឍន៍អាស៊ី ADB។ នៅក្នុងជំនួបនេះ ក៏មានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីជំនាញ នៃក្រសួងសាធារណការ និងដឹកជញ្ជូន មួយចំនួនទៀត។
បន្ទាប់ពីបានស្ដាប់នូវការលើកឡើងអំពីបច្ចុប្បន្នភាពនៃដំណើរការអនុវត្តការងារស្ថាបនាផ្លូវ និងលូ នៅក្រុងបាវិត ពីសំណាក់ក្រុមការងានិងដឹកជញ្ជូន ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការអរគុណចំពោះក្រុមការងារដែលបានចុះមកជួយគាំទ្រដល់ការអនុវត្តគម្រោងដ៏មានសារៈសំខាន់នេះ ហើយក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្ដមសូមគាំទ្រ ព្រមទាំងទទួលយកនូវសំណូមពររបស់ក្រុមការងារ ធ្វើការសម្របសម្រួលដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនដែលបានបង្កការរាំងស្ទះនាពេលកន្លងមក ដើម្បីធ្វើយ៉ាងណាឲ្យគម្រោងនេះដំណើរការទៅដោយរលូន ល្អប្រសើរ និងជោគជ័យតាមផែនការដែលបានគ្រោងទុក សម្រាប់បម្រើឲ្យផលប្រយោជន៍ និងតម្រូវការរបស់ប្រជាពលរដ្ឋ ឆ្លើយតបនឹងការអភិវឌ្ឍរីកចម្រើននៅក្នុងក្រុងបាវិតនាពេលបច្ចុប្បន្ន៕ នា