ភ្នំពេញ ៖ បានប្រាប់អោយដឹងជាបឋមថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅព្រឹកថ្ងៃទី២៤ មិថុនា ២០១៩នេះ បានចាប់ខ្លួនមនុស្សចំនួន៦នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភំពេញ ក្នុង នោះមានម្នាក់ជាលោកឧកញ៉ា សុខ ប៊ុន ពាក់ព័ន្ធការរំលោភយកដីរដ្ឋ និងក្លែងលិខិតបន្លំយកដីប្រជាពលរដ្ឋ នៅសង្កាត់កោះរ៉ុង ចន្លោះឆ្នាំ២០១៦-២០១៩។
ប្រភពព័ត៌មានដដែលបន្តថា កម្លាំងនគរបាលយុត្តិធម៌ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនឧកញ៉ា សុខ ប៊ុន រួមជាមួយមន្ដ្រី ៥នាក់ទៀត នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។ ទោះជាយ៉ាងនេះក្តី មិនទាន់មានប្រភពណាមួយអាចបញ្ជាក់ពីការចាប់ខ្លួនឧកញ៉ា សុខ ប៊ុន និងមន្ដ្រីពាក់ព័ន្ធ ពីបទល្មើសក្នុងលម្អិតបែបណានោះ នៅឡើយទេ ។
ប្រភពដដែលបន្តទៀតថា ជនសង្ស័យទាំង៦នាក់ រួមទាំងឧកញ៉ាសុខ ប៊ុន កំពុងស្ថិតក្រោមការសាកសួរ ពីលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ។
ជនទាំង៦នាក់ដែលបានបញ្ជូនមកសាលាដំបូង រួមមាន ៖
ទី ១-ឈ្មោះ សុខ ប៊ុន អគ្គនាយកសុខ ប៊ុន គ្រុប ។
ទី ២-ឈ្មោះ កែវ ពៅ ជាមេភូមិព្រែកស្វាយ ក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
ទី ៣-ឈ្មោះ កែវ សោម ចៅសង្កាត់រងទី២ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
ទី ៤-ឈ្មោះ ហែម សាឡេះ ជាសមាជិក ក្រុមប្រឹក្សា សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
ទី ៥-ឈ្មោះ សេង ហួលាង ចៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
និងទី ៦-ឈ្មោះ អ៊ួង និត ប្រធានក្រុមប្រឹក្សាសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ ។
បើតាមព័ត៌មានហ្វ្រេសញ៉ូវ បានសកស្រង់សម្តីមន្ដ្រីស៊ើបអង្កេតអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ បានថ្លែងប្រាប់យ៉ាងដូច្នេះថា «នេះករណី ប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋធ្ងន់ធ្ងរ ជាការបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត, ការរំលោភអំណាច ប្រព្រឹត្តកាលពីអំឡុង ឆ្នាំ២០១៦-២០១៩ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។ មន្ត្រីនៅកោះរុង ៥នាក់ និងអ្នករកស៊ីម្នាក់គឺឧកញ៉ា សុខ ប៊ុន ត្រូវបានជាប់អង្កេត និងត្រូវបានបញ្ជូនទៅតុលាការព្រឹកនេះ ក្រោយអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនស្តាប់ចម្លើយ៧២ម៉ោង» ។
សូមជម្រាប់ថា អង្គភាពប្រឆាំងអំពើពុករលួយ បានប្រើប្រាស់កម្លាំងការពារ មានប្រមាណជា២០នាក់ និងស៊េរីរថយន្តទំនើបចំនួន៦គ្រឿង ក្នុងការដឹកជនសង្ស័យ៦នាក់ មកកាន់កាន់សាលាដំបូងរាជធានីភ្នំពេញ ព្រឹកថ្ងៃនេះ ។
កន្លងទៅ ឧកញ៉ា សុខ ប៊ុន ដែលធ្លាប់ល្បីល្បាញរឿងអាស្រូវ និងជាប់ពន្ធនាគារមួយរយៈ ក្នុងសំណុំរឿងប្រើហិង្សាលើតារាម្នាក់គឺនាងសាសា ៕