ភ្នំពេញ៖ ក្រោយមានករណីជំរិតទារប្រាក់ពីជនជាតិចិន ចំនួន ២០០០០ដុល្លារ កាលពី៣ថ្ងៃមុនក្នុងខណ្ឌទួលគោក ពេលនេះ នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងក្រសួងមហាផ្ទៃ បានសហការគ្នា ចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតអាវុធខ្លី២ដើម នៅចំណុចផ្ទះល្វែងមួយកន្លែង ផ្ទះលេខ២៧ ផ្លូវលេខ១០១១៥ ក្នុងបុរីជីបម៉ុងឡែន ក្រុម០២ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោយសមត្ថកិច្ចសង្ស័យថា មានបក្ខពួកមកសម្ងំលាក់ខ្លួននៅទីនោះ។
លុះដល់ព្រឹកឡើងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចបានបន្តឆែកឆេរ ដោយមានការសម្របសម្រួសពីលោក គុជ គឹងឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ , លោកស្នងការរង និងអាជ្ញាធរមូលដ្ឋានចូលរួមផងដែ។
សមត្ថកិច្ចបានបញ្ជាក់ថា កាលពីយប់សមត្ថកិច្ចបានសហការគ្នា ឃាត់ខ្លួនបានជនសង្ស័យ២នាក់នៅម្តុំផ្សារម៉ាក្រូខ្មែរនិងចិន លុះព្រឹកឡើងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដកហូតបានអាវុធខ្លីចំនួន២ដើមផងដែរ ដោយជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពចាប់ជនជាតិចិនដូចគ្នា ជំរិតទារប្រាក់ចំនួន២០០០០ដុល្លារ ពេលនេះសមត្ថកិច្ចកំពុងបន្តតាមចាប់ជនល្មើសបន្តទៀត៕