ការបង្រ្កាបករណីខាងលើ ដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការរដ្ឋានននគរបាលក្រុងប៉ោយប៉ែត សហការជាមួយនគរបាលប្រឆាំងគ្រឿងញៀនខេត្ត និងមានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារ មាស ច័ន្ទពិសិដ្ឋ ឃាត់ខ្លួនជនជួញដូរ ម្នាក់ឈ្មោះ សុខ សៀងធី ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅនិងមុខរបរ មិនពិតប្រាកដ ។
វត្ថុតាងចាប់យក៖
-ថ្នាំប្រភេទគ្រាប់ពណ៌ក្រហមចំនួន៥៤គ្រាប់
-ម្សៅក្រមពណ៌សចំនួន០៥ថង់
-ម្សៅម៉ត់ចំនួន០១ថងតូច
-ទូបាញ់ត្រី០៨គ្រឿង
-ស្លុតហ្គេម១៤គ្រឿង
-ថ្នាំគ្រវី០១គ្រាប់
-ត្រួតពិនិត្យទឹកនោម នៅនឹងកន្លែង២២នាក់ ស្រី២នាក់ មានសារធាតុញៀន។
ការបង្ក្រាបនេះ ធ្វើឲ្យប្រជាពលរដ្ឋអបអរសាទរការបង្រ្កាបក្រុមអ្នកប្រើសារធាតុញៀននៅចំណុចកាស៊ីណូ ឡាក់គី ព្រោះទីតាំងមួយនេះគឺជា បណ្តុំនៃក្រុមអ្នកញៀន តែងតែចេញចូលទៅជក់ជាប្រចាំមិនថា ពេលយប់ឫពេលថ្ងៃឡើយ ហើយពលរដ្ឋក៏សង្ឃឹមថា សមត្ថកិច្ចនឹងយកម្ចាស់ទីតាំង ឬអ្នកនៅពីក្រោយដែលនាំឲ្យមានល្បែងស៊ីសងបាញ់ត្រី និងជួញដូរចែកចាយសារធាតុញៀនទៅផ្តន្ទាទោសតាមច្បាប់។
បច្ចុប្បន្នជនសង្ស័យទាំងអស់នោះត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរៀបចំសួរនាំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។
គួរបញ្ជាក់ផងដែរថា នៅចំណុចកាស៊ីណូឡាក់គីខាងលើនេះ ហាក់បីដូចជា មិនខ្លាចសមត្ថកិច្ចទាល់តែសោះ ជាកន្លែងអនាធិបតេយ្យ សំបូរទៅដោយក្មេងស្ទាវ បងតូច បងធំ កាប់ចាក់ ទោះកន្លងមកទាំងកម្លាំងអវុធហត្ថ និងកម្លាំងនគរបាល ធ្វើការបង្ក្រាបជាញឹកញាប់យ៉ាងណាក៏ដោយ តែធ្វើឲ្យពលរដ្ឋនូវតែមានការព្រួយប្រារម្ភ ពីសុវត្ថភាពសន្តិសុខរបស់ពួកគាត់ផងដែរ៕