(កំពង់ធំ)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ បានរៀបចំវេទិកាស្តីពី «ការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងអ្នកពាក់ព័ន្ធ ជាមួយការធ្វើអាជីវកម្មសហគមន៍កសិកម្ម ប្រកបដោយបរិយាប័ន្ន» ដោយមាន លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ជាគណៈអធិបតី និងមានការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលរងទាំង៨ស្រុក-ក្រុង អង្គការដៃគូរ ក្រុមហ៊ុនឯកជននានា សហគមន៍កសិកម្ម យ៉ាងច្រើនកុះករ។
កម្មវិធីនេះមានគោលបំណង ផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមន៍កសិកម្ម វិស័យឯកជន ស្ថាប័នរដ្ឋ និងស្ថាប័នពាក់ព័ន្ធ ស្វែងយល់ពីធនធាន បញ្ហា តម្រូវការ និងទិសដៅទៅមុខ ក្នុងការគាំទ្រដល់អាជីវកម្មរបស់សហគមន៍ កសិកម្ម ឲ្យទទួលបានជោគជ័យនាពេលខាងមុខ បង្កើតបានជាផែនការ តម្រូវការធនធានរួមមួយសម្រាប់អ្នកពាក់ព័ន្ធប្រើប្រាស់ និងក្រុមការងារ គាំទ្រសហគមន៍កសិកម្មខេត្តកំពង់ធំ។
បន្ទាប់ពីបានស្តាប់ការពិភាក្សា និងផ្តល់យោបល់យ៉ាងផុសផុលរបស់ ពីមន្ទីរជំនាញ ក្រុមហ៊ុន វិស័យឯកជន និងដៃគូរអភិវឌ្ឍន៍ លើកបញ្ហា ដាំ លក់ និងទិញ របស់សហគមន៍កសិកម្មទាំងអស់រួចមក លោក ធីវ វណ្ណធី បានលើកឡើងថា អាជីវកម្ម ជាបញ្ហារួមមួយ ដែលសហគមន៍កសិកម្ម ក្រុមផលិត និងកសិករជាស្ត្រី កំពុងជួបប្រទះយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំមកនេះ។
លោកថ្លែងថា បញ្ហាទាំងនោះរួមមាន កសិករ ក្រុមផលិតខ្វះបច្ចេកទេស ខ្វះទុនវិនិយោគ ខ្វះព័ត៌មានសម្រាប់ទីផ្សារលក់ផលិតផល និងខ្វះគោលនយោបាយគាំទ្រដល់កសិករ ឬក្រុមផលិតតូចៗ តាមមូលដ្ឋាន។ ដូចនេះហើយបានជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ រៀបចំកម្មវិធីនេះឡើង ដោយរួមសហការជាមួយអង្គការដៃគូរ ដែលកំពុងគំាទ្រលើសហគមន៍កសិកម្ម ក្នុងខេត្តនានាជាច្រើនផងដែរ។
លោកបន្តថា ចំពោះទុនវិនិយោគ ជាកត្តារំាំងស្ទះយ៉ាងខ្លាំង ដែលគ្រប់សហគមន៍មិនមានទុនសម្រាប់វិនិយោគ ឲ្យឆ្លើយតបនឹងផែនការអាជីវកម្ម ៥ឆ្នាំរបស់ខ្លួន ដោយសារការប្រមូលទុនភាគហ៊ុន ពីសមាជិកមានលទ្ធភាពទន់ខ្សោយ និងខ្វះព័ត៌មានសម្រាប់កម្ចីពីធនាគា ឬមីក្រូហិរញ្ញវត្ថុ ដែលមាននិន្នាការជួយដល់ការអភិវឌ្ឍអាជីវកម្មសហគមន៍។
បច្ចុប្បន្នរាជរដ្ឋាភិបាល បានកំពុងតែខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាទីផ្សារ កសិផលរបស់កសិករដោយប្រើប្រាស់យន្តការច្បាប់ ដែលមានស្រាប់ (សហគមន៍កសិកម្ម) ដោយបានបង្កើតចងក្រងក្រុមផលិត នៅតាមសហគមន៍មូលដ្ឋាន ទៅជាសហគមន៍កសិកម្ម ក្នុងគោលបំណងបង្កើន ទីផ្សារដល់សហគមន៍។ ដូច្នេះហើយសហគមន៍កសិកម្ម ត្រូវបង្កើត Facebook បង្ហោះគ្រប់សកម្មភាទាំងអស់ របស់ផលិតផលដែលផលិតបាន ដើម្បីទាក់ទាញអតិជន អង្គការដៃគូរ ក្រុមហ៊ុនឯកជននានា ហើយសមាជិកសមាជិកា សហគមន៍កសិកម្មទូទាំងខេត្ត ត្រូវចាប់ដៃគ្នារកទីផ្សារ សូមសហគមន៍កសិកម្មទាំងអស់ មានជំនឿចិត្តលើខ្លួនឯង ក្នុងការងាកធ្វើអាជីវកម្មបែបប្រមូលផ្តុំធនធាន លទ្ធភាពការផលិត និងការគោរពស្តង់ដានៃគុណភាព ដើម្បីឈានទៅរក កុងត្រាអាជីវកម្មជាមួយក្រុមហ៊ុន-ឈ្មួញ ប្រមូលទិញធំៗ ទាំងក្នុងនិងក្រៅស្រុកផងដែរ៕