(ព្រះសីហនុ)៖ នគរបាលចរាចរណ៍ផ្លូវសមុទ្រ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ទូកដឹកភ្ញៀវទេសចរ១គ្រឿង របស់ក្រុមហ៊ុន ដាលីធួរ បានលិចនៅក្នុងសមុទ្រ នៅទល់មុខឆ្នេរម្លប់ជ្រៃ ស្ថិតក្នុងក្រុងព្រះសីហនុ នៅម៉ោង៩យប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឱ្យប្រព័ន្ធផ្សព្វផ្សាយដឹងនៅថ្ងៃទី១៧ ខែមិថុនានេះថា ទូកទេសចរណ៍ ១គ្រឿងដែលលិចនោះ បណ្តាលមកពីបញ្ហាបច្ចេកទេស គឺមិនជាប់ពាក់ព័ន្ធបញ្ហាអាកាសធាតុនោះទេ។
លោក ណុប បញ្ញា បញ្ជាក់ថា ហេតុការណ៍នេះ បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងផ្នែកខ្លះ នៃទូកដឹកភ្ញៀវទេសចរណ៍ ប៉ុន្តែមិនមានគ្រោះថ្នាក់ ឬប៉ះពាល់ដល់អាយុជីវិតមនុស្សនោះទេ។
ទោះជាយ៉ាងនេះក្តី លោក ណុប បញ្ញា បានក្រើនរំលឹកប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរឱ្យប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរតាមសមុទ្រ ព្រោះថា រដូវនេះ ជារដូវវស្សាមានភ្លៀងធ្លាក់ច្រើន មានខ្យល់បោកបក់ និងមានរលកសមុទ្រធំៗ។ លោក ណុប បញ្ញា បានអំពាវនាវដល់អ្នកធ្វើដំណើរតាមផ្លូវសមុទ្រ ជាពិសេសភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមសមុទ្រ និងប្រជានេសាទជាដើម ត្រូវបង្កើនការប្រុងប្រយ័ត្នពីសុវត្ថិភាពរបស់ខ្លួនឱ្យបានជាប្រចាំ។
ជាងនេះទៀត ប្រសិនបើសង្កេតឃើញថា នៅមូលដ្ឋានខេត្តព្រះសីហនុ កំពុងតែមានភ្លៀង ខ្យល់ និងរលកសមុទ្របោកបក់ខ្លាំង ជាពិសេសកុំធ្វើណើរតាមសមុទ្រឱ្យសោះ ដើម្បីការពារសុវត្ថិភាពនៅតាមក្រុមគ្រួសារនីមួយៗ៕