ក្រចេះ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសាឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ចើញជាគណអធិបតីក្នុងពិធីប្រកាសផ្ទេរភារៈកិច្ច ចូលកាន់តំណែងជាអភិបាលខេត្ត នៃគណៈអភិបាលខេត្តក្រចេះ ។
ឯកឧត្តម វ៉ា ថន អភិបាលរងខេត្ត ត្រូវបានប្រកាសឡើងដំណែងជាអភិបាលខេត្តក្រចេះ ជំនួស ឯកឧត្តម សរ ចំរុង ដែលត្រូវចូលនិវត្តន៍។ ក្នុងពិធីនោះ មានការអញ្ចើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរ និងលោក លោកស្រីមន្រ្តីរាជការ គ្រប់ស្ថាប័ន អង្គភាពជុំវិញខេត្ត។
ឯកឧត្ដម វ៉ា ថន អភិបាលខេត្តទើបឡើងកាន់ដំណែងថ្មីបានធ្វើការប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ បន្តការងារនេះទៅថ្ងៃអនាគត និងខិតខំបម្រើរាល់សំណូមពរ ក៏ដូចជាសេចក្តីត្រូវការ រាល់កង្វះខាតរបស់ប្រជាពលរដ្ឋ ដោយមិនទុកអោយ បងប្អូនប្រជាពលរដ្ឋណាម្នាក់ ជួបទុក្ខលំបាកឡើយ ហើយជាពិសេសនោះ នឹងខិតខំពង្រឹងបន្ថែមទៀត លើការទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងប្រទេសជិតខាង ដែលជាប់ភូមិផងរបងជាមួយគ្នា។
ជាពិសេសនោះ ឯកឧត្តមនឹងខិតខំបង្កើនការងារ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ អោយកាន់តែមានភាពរីកចំរើនឡើងថែមទៀត ដោយផ្តោតសំខាន់លើផ្នែកសន្តិសុខ អោយកាន់តែមានប្រសិទ្ធភាព ស្របតាមទិសដៅយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី០៣ អាណត្តិទី០៥ របស់រាជរដ្ឋាភិបាល បានកំណត់អោយ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងការកោតសរសើរ ចំពោះស្នាដៃ និងការដឹកនាំកន្លងមកដែលខេត្តក្រចេះ សម្រេចបាននូវលទ្ធផលការងារ បានយ៉ាងល្អត្រចះត្រចង់គួរជាទីមោទនៈ ដែលជាមុខមាត់ថ្មីនៃខេត្តក្រចេះ។
សម្តេចក្រឡាហោម ស ខេង ក៏បានជម្រុញឲ្យអភិបាលខេត្តដែលទើបប្រកាសថ្មី និងមន្ត្រីក្រោមឱវាទត្រូវខិតខំបម្រើរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ត្រូវទុកប្រជាពលរដ្ឋ ដូចជា ឳពុកម្តាយបង្កើតរបស់យើង ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬ សាសនាអ្វីឡើយ ។
ក្នុងឱកាសនេះដែរសម្តេច ក្រឡាហោម ស ខេង បានក្រើនរំលឹក ដល់អភិបាលខេត្ត ដែលទើបតែចូលកាន់តំណែងថ្មី ត្រូវតែខិតខំធ្វើយ៉ាងណា ពង្រឹងអោយបាននូវបទល្មើសមួយ ចំនួនដូចជា បទល្មើសគ្រឿងញៀន បទល្មើសនេសាទជាដើម ដើម្បីបំពេញនូវសំនូមពរ របស់ប្រជាពលរដ្ឋ និងខិតខំពង្រឹងអោយបាននូវរាល់ ការងារអសកម្ម ទាំងឡាយណាដែលបានជួបប្រទះកន្លងមក៕
ដោយ ៖ សំណាង