(រតនគិរី)៖ សិស្សជនជាតិដើមភាគតិច២នាក់ បានស្លាប់យ៉ាងអាណោចអាធម និងម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសារគ្រោះរន្ទះបាញ់មួយពព្រិចភ្នែក នាវេលាម៉ោង ១៦៖២០នាទី ល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងបរិវេណសាលាបឋមសិក្សាភូមិបាតាង ស្ថិតនៅឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
អភិបាលស្រុកលំផាត់ លោក នូ ថេ បានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់នោះរួមមាន៖ ទី១មានឈ្មោះ ហ្វើន រ៉េន អាយុ១៤ឆ្នាំ ជាជនជាតិទំពូន និងទី២មានឈ្មោះ យំ ថាវ អាយុ១១ឆ្នាំ ជនជាតិទំពូនសិស្សដូចគ្នា។ រីឯសិស្សដែលរងរបួសធ្ងន់នោះមានឈ្មោះ ឡេង គឹមហ័រ អាយុ១៨ឆ្នាំ ជាជនជាតិខ្មែរ ខណៈនេះរូបគេកំពុងទទួលការជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
គួររំឭកថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ក៏មានករណីគ្រោះរន្ទះបាញ់ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ស្លាប់ នៅភូមិអុល ឃុំបាតាង ស្រុកលំផាត់ ខាងលើនេះផងដែរ ដូច្នេះហើយសូមប្រជាពលរដ្ឋគ្រប់គ្នាមេត្តាស្វែងរកទីមានសុវត្ថិភាពក្នុងករណីមានភ្លៀង ដោយមិនត្រូវជ្រកក្រោមដើមឈើ ឬនិយាយទូរស័ព្ទ ឬនៅកណ្តាលវាលឡើយ៕