(កំពង់ចាម)៖ ដោយអនុវត្តន៍តាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៤ របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការចង្អុលដឹកនាំបញ្ជាពីលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាការត្រួតពិនិត្យ គ្រឿងញៀនខេត្ត កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត បានបន្ដប្រតិបត្តិការត្រួតពិនិត្យរកសារធាតុញៀន លើអ្នកបើកបររថយន្ដតាមដងផ្លូវ។
ប្រតិបត្តិការនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ លោកឧត្តមសនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយជំនាយការិយាល័យ នគរបាលចរាចរផ្លូវគោក និងជំនាញស្រុកចំការលើ ចុះត្រួតពិនិត្យ ធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀន លើអ្នកបើកបររថយន្ត ព្រូរថយន្ត និងកម្មករ នៅស្រុកចំការលើ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជាលទ្ធផលបានត្រួតពិនិត្យរថយន្តចំនួន៨៦គ្រឿង ធ្វើតេស្តទឹកម៉ូតសរុប១១៨នាក់ មានអ្នកបើកបរចំនួន៨៦នាក់ ព្រូរថយន្តចំនួន២៧នាក់ កម្មករចំនួន០៥នាក់។ រកឃើញអ្នកជាប់សារធាតុញៀនចំនួន ០៧នាក់ មានអ្នកបើកបរចំនួន០៥នាក់ និងកម្មករចំនួន០២នាក់។
អ្នកមានសារធាតុញៀន ទី១៖ឈ្មោះ បូញ សុខណា អាយុ៣៥ឆ្នាំ មុខរបរបើកបរ រស់នៅភូមិអូរកណ្តោល ឃុំព្រែកបៅ ស្រុកកងមាស, ទី២៖ឈ្មោះ គឿន ស៊ីធន់ អាយុ២៤ឆ្នាំ មុខរបរបើកបរ នៅភូមិជើងវត្ដ ឃុំគងជ័យ ស្រុកអូររាំងឪ, ទី៣៖ឈ្មោះ ផល ចំរើន អាយុ២០ឆ្នាំ មុខរបរបើកបរ ភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម, ទី៤៖ឈ្មោះ ជុក រស្មី អាយុ២៨ឆ្នាំ មុខរបរបើកបរ ភូមិកាប៉ាង ឃុំដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់, ទី៥៖ឈ្មោះ យូ សុខខុន អាយុ៣១ឆ្នាំ មុខរបរបើកបរ ភូមិកយ ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ, ទី៦៖ឈ្មោះ យេប មហា អាយុ២៥ឆ្នាំ មុខរបរកម្មករ ភូមិអូតាញៀ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ និងទី៧៖ឈ្មោះ យឿង សុខណេង អាយុ១៩ឆ្នាំ មុខរបរកម្មករ ភូមិពឹងលាក់ ឃុំពឹងលាក់ ស្រុកស្នួល ខេត្តក្រចេះ។
ក្នុងនោះដែរ សមត្ថកិច្ចបានឃាត់រថយន្តរក្សាទុកបណ្តោះអាសន្នចំនួន០៥គ្រឿង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕