ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ តាមផ្លូវបេតុងខាងលិចផ្សារព្រៃទា ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចដេញចាប់ខ្លួនបាននេះ ទី១មានឈ្មោះ រាជ្យ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាមុខសញ្ញាចាស់ កាប់ប្លន់ សម្លាប់ជនជាតិចិនកន្លងមក មានដីកាចាប់ខ្លួន និងជាជនសង្ស័យ សកម្មឆក់ទ្រព្យសម្បត្តិតាមផ្លូវ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ។ ចំណែកជនសង្ស័យម្នាក់ទៀត មិនទាន់ស្គាល់ឈ្មោះនោះទេ ព្រោះសមត្ថកិច្ចកំពុងសាកសួរ។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងល្បាតការពារបទល្មើសក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញមុខសញ្ញា ឆក់ និងកាប់ប្លន់យ៉ាងសកម្មចំនួន២នាក់ នៅចំណុចផ្លូវសហព័ន្ធរុស្សី កែងផ្លូវព្រៃទា ទើបដេញតាមពីក្រោយ ដោយជនសង្ស័យទាំង២នាក់នោះ បានជិះម៉ូតូ ម៉ាកសេ១១០ ស៊េរី២០១២ ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-8271 បើករត់គេចកាត់តាមផ្លូវព្រៃទា ទៅលិច កម្លាំងប្រកាសស្ទាក់ត្រៀមចាប់ ទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ បានយកម៉ូតូ ដាក់ឃាំងផ្លូវ ហើយមកឈរនៅចិញ្ចើមផ្លូវ ត្រូវបានជនសង្ស័យ ជិះបោលបំបុក មន្ត្រីនគរបាលម្នាក់ ប៉ើងបោកក្បាលរងរបួសធ្ងន់។ ចំណែកជនសង្ស័យ ដួលម៉ូតូ ស្ទុះងើបរត់ ត្រូវបានកម្លាំងប៉ូលីស ប្រជាពលរដ្ឋ ដេញចាប់ខ្លួនបាន២នាក់ភ្លាមៗ ។
ក្នុងនោះ មន្ត្រីនគរបាលដែលរងរបួសធ្ងន់នេះ មានឈ្មោះ ផូ សុភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រយះបែកក្បាលដេរជាច្រើនថ្នេរ ត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកពោធិ័ចិនតុង ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបន្តបញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕