លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្តកណ្តាលបានបញ្ជាក់ឲ្យដឹងថា នៅពេលនេះ មន្ត្រីអាវុធហត្ថក្រុងតាខ្មៅ កំពុងធ្វើការសួរនាំមន្ត្រីយោធាដែលបាញ់បោះសេរី ដើម្បីចាត់វិធានការកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
សូមបញ្ជាក់ថា ហេតុការណ៍ផ្ទុះអាវុធផ្អើលក្រុងតាខ្មៅយប់មិញនេះ បានកើតឡើងនៅវេលាម៉ោង ៨៖៣០នាទីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចខារ៉ាអូខេ B-Gold ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនទំនើងមានឈ្មោះ សាន សុច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរយោធា មានទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
វត្ថុតាងមួយចំនួនត្រូវបានសមត្ថកិច្ចរកឃើញនៅកន្លែងកើតហេតុរួមមាន៖
– ស្រោមកាំភ្លើង ពណ៌ខ្មៅចំនួន០១
– សោ ម៉ូតូ១ចង្កោម (កូនសោម៉ូតូ១ កូនសោរថយន្ត១ តេឡេរថយន្ត១)។
– គ្រាប់កាំភ្លើងខ្លី ម៉ាកឡុកចំនួន០៤ បាញ់ផ្ទុះ អស់៣គ្រាប់(លេខA-USA 9MM-LUGER) ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើ បានជិះម៉ូតូc125 ពណ៌ខ្មៅ ស៊េរី២០១៩ ចូលផឹកស៊ីច្រៀងការ៉ាអូខេ នៅហាងB Gold បន្ទប់លេខ888 ជាមួយមិត្តភក្តិ ប្រុស ០២នាក់ទៀត មិនស្គាល់ឈ្មោះ។ បន្ទាប់មកក៏បានឈ្លោះប្រកែកគ្នា ហើយឃើញជនសង្ស័យ ដើរចេញមកក្រៅហាងចាក់កែបម៉ូតូ យកកាំភ្លើងខ្លី ម៉ាកឡុក ពណ៌ខ្មៅ យកដើរចូលទៅបាញ់ ក្នុងហាងចំនួន ០៤គ្រាប់ ដោយផ្ទុះ០៣គ្រាប់ ហើយស្រែកថា អញឈ្មោះ អាសុច អាណាខ្លាំងចេញមកអញ បាញ់ឲ្យងាប់!! រួចហើយជិះម៉ូតូតាម ផ្លូវ១១៥ ទៅទិសខាងលិចបាញ់ឡើងលើ ០១គ្រាប់ទៀត ហើយ គេចខ្លួនបាត់ទៅ៕