ភ្នំពេញ៖ នៅខណៈម៉ោងប្រមាណ ៤ល្ងាច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ផ្ទុះអាវុធនៅក្នុងបន្ទប់ទឹក ក្លឹបលុចសារី បណ្តាលឲ្យនារីម្នាក់របួសភ្លៅ បានចូលខ្លួនមកសារភាពហើយ ក្រោយលោកជំទាវ ញ៉ែម មរកត ដែលជាម្តាយ បាននាំកូនមកដល់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ វីន សុក្របញ្ញា ភេទប្រុស អាយុ ២៧ឆ្នាំ កំពុងត្រូវបានសមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការសាកសួរដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ។
សូមបញ្ជាក់ថា ហេតុការណ៍ផ្ទុះអាវុធនេះ កើតឡើងកាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងក្លឹប «លុច្សសារី» ផ្ទះលេខ៥៣ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បណ្តាលឲ្យជនរងគ្រោះឈ្មោះ នឹម លីណា អាយុ២៩ឆ្នាំ មុខរបរលក់ដូរ រងរបួសចំភ្លៅខាងស្តាំចំនួន០១គ្រាប់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ហើយត្រូវបានសមត្ថកិច្ចបញ្ជាក់ថា សង្ស័យផ្តើមចេញពីការប្រច័ណ្ឌ៕