ហេតុការណ៍នេះកើតឡើងនៅម៉ោង ២២និង៥០នាទីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សែម រ៉ាបូរ ហៅឆក ភេទប្រុស អាយុ២៨ឆ្នាំ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ធ្លាប់ជាប់ពន្ធនាគារពីបទហិង្សា ទើបតែចេញពីពន្ធនាបាន១ខែតែប៉ុណ្ណោះ និងធ្លាប់លួចកាំភ្លើងរបស់គេម្តងរួចមកហើយដែរ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំភ្លើង AK47 ស្លូកលេខ ១៩៦៣ របស់ប៉ុស្តិ៍យាមការពារសន្តិសុខសណ្តាប់ធ្នាប់ផ្សារសំរោងយ៉ោង ដែលទុកនៅក្នុងប៉ុស្តិ៍យកទៅបាញ់ឈ្មោះ សោម ដារ៉ា និងប្រពន្ធឈ្មោះ ឈិន ស្រូយ ដល់ក្នុងផ្ទះជាច្រើនគ្រាប់ តែមិនបណ្តាលឲ្យរងរបួសនោះទេ ព្រោះជនរងគ្រោះរត់គេចពីគ្រាប់កាំភ្លើងទាំងបាតជើងសព្រាត តែបណ្តាលឲ្យគ្រាប់កាំភ្លើងខ្ទាតផ្លាតទៅចំទ្វារស័ង្កសីបណ្តាលឲ្យផ្ទុះ ជាច្រើនកន្លែង និងបែកកញ្ចក់រថយន្តខាងមុខម៉ាកហាយឡែនឌ័រ ស្លាកលេខ ភ្នំពេញ 2AL-0411 បណ្តាលឲ្យរងការខូចខាតផងដែរ ។ នេះសំណាងហើយដែលគ្មាននរណាម្នាក់រងរបួស បើមិនដូច្នេះទេ មិនដឹងស្លាប់មនុស្សប៉ុន្មាននាក់នោះទេ ។
ក្រោយកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចស្រុកបាទី ធ្វើការឃាត់ខ្លួន ពីបទប៉ុនប៉ងឃាតកម្ម និងដកហូតបានវត្ថុតាង កាំភ្លើងខាងលើ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត កុំឲ្យជនសង្ស័យរូបនេះរួចខ្លួន ព្រោះប្រទេសមានច្បាប់ មិនមែនចង់យកកាំភ្លើងមកបាញ់អ្នកណាក៏បានតាមចិត្តនោះទេ ៕