ភ្នំពេញ៖ រថយន្តឡិចស៊ីសសើទំនើបមួយគ្រឿង បោះពួយយ៉ាងលឿន បុកម៉ូតូមួយគ្រឿងប៉ើងប្រមាណជាងដប់ម៉ែត្រ បណ្តាលឲ្យប្រុសស្រី ២នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះដែលបានកើតឡើងនៅវេលាម៉ោង ១ និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២២២ កែងនិងផ្លូវ៥៥ចំណុច X2 KTV ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
យោងតាមប្រភព ពីកន្លែងកើតហេតុ បានឲដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្តឡិចស៊ីស ស៊េរីទំនើប NX200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB 6444 ធ្វើដំណើរពីជើង ទៅត្បូង តាមបណ្ដោយ ផ្លូវ៥៥ ក្នុងល្បឿនលឿន ដូចហោះ មកដល ចំណុចកើតហេតុ ផ្លូវបំបែក ជាបួន បានជ្រុលទៅបុក ម៉ូតូឌ្រីមសង់ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HQ-9228 ជិះដោយ បុរសម្នាក់រួមដំណើរ និងនារីម្នាក់ តាមបណ្ដោយផ្លូវ២២២ ក្នុងទិសដៅពីលិចទៅកើត ចំពេញទំហឹង បណ្ដាលឲ្យប៉ើងដូចក្រដាស រងរបួសទាំងពីរនាក់ ត្រូវរថយន្តសាម៉ុយ ដឹកយកទៅសង្គ្រោះភ្លាមៗ។
រីឯរថយន្តបង្ក មិនព្រមឈប់ទទួល ខុសត្រូវនោះទេ បែរជាព្យាយាម បើករត់ទាំងជាប់ម៉ូតូ នៅខាងមុខរថយន្ត ត្រូវបានប្រជាពលរដ្ឋ ជិះម៉ូតូដេញ តាមក្រោយ រហូតមក ដល់ចំណុច ក្រោមស្ពាន ៧មករា បានឈប់រួច រយ៉ែថយក្រោយ ឲ្យម៉ូតូរបូត និង បន្តបើករត់ទៀតរហូត ចូលក្នុងបុរី មួយកន្លែង ជិតស្តុបផ្សារដីហុយ ផ្ទះលេខ2C ផ្លូវបេតុង ទើបឈប់រថយន្ត នៅមុខផ្ទះចូល សំងំធ្វើមិនដឹង។
ក្រោយកើតហេតុ ប្រជាពលរដ្ឋ បានរាយការណ៍ ទៅសមត្ថកិច្ច បានទាក់ទងជំនាញ មកយករថយន្តបង្ក ទៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការ រាជធានីភ្នពេញ ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់៕