ភ្នំពេញ៖ កម្លាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ជាច្រើននាក់ បានចុះទៅឆ្មក់បង្ក្រាបទីតាំងបើកល្បែងស៊ីសងជល់មាន់តាមOnline ដ៍ធំមួយកន្លែង ជ្រកក្រោមស្លាកយីហោហាងកាហ្វេយីហោ ដុង ហេងលី ឃាត់ខ្លួនមនុស្ស១៧នាក់ និងម៉ូតូ៣៣គ្រឿង ទូរទស្សន៍១០គ្រឿង រួមនិងតុកៅអីជាច្រើនទៀត ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ដែលទីតាំងមួយនេះ បានជ្រកក្រោមស្លាកយីហោហាងកាហ្វេ ស្ថិតនៅតាមបណ្តោយផ្លូវ៣៥៧ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ការចុះបង្ក្រាបខាងលើនេះ បានធ្វើឡើងដោយមានការដឹកនាំនិងបញ្ជារដោយផ្ទាល់ពីលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងដោយលោក ណុប ផា អភិបាលរងខណ្ឌ និងមានការចូលរួមពីលោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ រួមនិងកងកម្លាំងជាច្រើននាក់ ចុះឆ្មក់បង្ក្រាបទីតាំងខាងលើនេះ ដែលជ្រកក្រោមស្លាកយីហោ ហាងកាហ្វេ ដុង ហេងលី តែធាតុពិតវិញនោះ គឺបានបង្កប់ល្បែងស៊ីសងចាក់ភ្នាល់មាន់ជល់ តាមOnlineដោយដាក់ទូរទស្សន៍ធំៗបញ្ចាំ មានតុកៅអីជាច្រើនទុកសម្រាប់អង្គុយភ្នាល់ ថែមទាំងមានអង្រឹងសម្រាប់ដេកពេកចុកចង្កេះទៀតផងពិតជាមិនធម្មតាមែនចំពោះទីតាំងមួយនេះ។
ជាក់ស្តែងក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបាន ធ្វើការឃាត់ខ្លួនមនុស្ស១៧នាក់ ក្នុងនោះមានទាំងម្ចាស់ទីតាំង និងអ្នកចាក់ ដកហូតម៉ូតូ៣៣គ្រឿង ទូរទស្សន៍១០គ្រឿង រួមនិងតុកៅអីជាច្រើនផងដែរ។
បច្ចុប្បន្នចំពោះវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចដឹកយកមករក្សាទុកនៅសាលាខណ្ឌច្បារអំពៅ ចំណែកមនុស្សទាំង១៧នាក់ ត្រូវបាននាំខ្លួនមកកាន់ អធិការនគរបាលខណ្ឌដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត ៕