ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា តាម រយៈក្រសួង៣ គឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងផែនការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ឬជំនួយសង្គម សម្រាប់គ្រួសារមានបណ្ណសមធម៌ នៅក្នុងខែមេសា ឆ្នាំ២០២៤ នេះ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០២ ខែ មេសា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ ក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំសន្និសីទ សារព័ត៌មានមួយ ស្តីពី “ជំនួយសង្គមសម្រាប់ គ្រួសារមានបណ្ណសមធម៌” ដោយបានអញ្ជើញ វាគ្មិន ចំនួន៣រូប រួមមាន លោកបណ្ឌតិ ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាគាំពារសង្គម (តំណាងស្ថាប័នសម្របសម្រួល រៀបចំ និងដាក់ឱ្យអនុវត្តគោលនយោបាយ រៀបចំនិងអនុវត្តកម្មវិធី), លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផែនការ នៃក្រសួងផែនការ (តំណាងស្ថាប័នប្រតិបត្តិករក្នុងការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ) និងលោកជួរ រតនៈ អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (តំណាងស្ថាប័នប្រតិបត្តិករ ក្នុងការបើកផ្តល់ប្រាក់ដល់គ្រួសារគោលដៅ ដែលមានបណ្ណសមធម៌)។
លោកពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ជាអ្នកសម្របសម្រួលក្នុងកម្មវិធីសន្និសីទសារព័ត៌មាននេះ បានជម្រាបជូនថា ជាការចាប់អារម្មណ៍ និងជាប្រធានបទដ៏ សំខាន់ ដែលនៅក្នុងខែមេសា ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ពិសេសក្រុមគោលដៅដែលជាគ្រួសារងាយរងគ្រោះមានបណ្ណសមធម៌។ ប៉ុន្តែការផ្សព្វផ្សាយកម្មវិធីដ៏មានសារប្រយោជន៍នេះ ដល់ប្រជាពលរដ្ឋ ហាក់ដូចជាមិនទាន់បានទូលាយនៅឡើយ ហើយក៏មានប្រជាពលរដ្ឋមួយចំនួន បានលើកឡើងនូវការរិះគន់ផងដែរ ចំពោះអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធនឹងកម្មវិធីជាតិជំនួយសង្គម។ ដូច្នេះក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) រៀបចំសន្និសីទសារព័ត៌មាននេះ ដើម្បីជំរុញផ្សព្វផ្សាយឱ្យកាន់តែទូលាយ ដល់សាធារណជន ជាពិសេសក្រុមគោលដៅ ដែលជាគ្រួសារងាយរងគ្រោះ មានបណ្ណសមធម៌ បានយល់ជ្រាបកាន់តែច្បាស់ថែមទៀត អំពីកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារ ដើម្បី កាត់បន្ថយការថ្នាក់ថ្នាំងរបស់ប្រជាពលរដ្ឋ។លោកចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បាន បញ្ជាក់ទាក់ទងទៅនឹងតើអ្វីទៅជាកម្មវិធី ជាតិជំនួយសង្គមក្នុងគ្រួសារថា នៅពេល និយាយពីប្រព័ន្ធគាំពារសង្គមនៅកម្ពុជាយើង គឺយើងមានបណ្តុំសមាសធាតុចំនួនពីរ គឺ ជំនួយសង្គម ដែលជាប្រធានបទនៃកិច្ចពិភាក្សា និងផ្នែកសន្តិសុខសង្គម ដែលមានលក្ខណៈ ចំនួន២ គឺមិនមានកំណត់ក្រុមគោលដៅទេ មានន័យថា យើងចង់ពង្រីកការគ្របដណ្តប់ សន្តិសុខសង្គម (ប.ស.ស) នេះ ឱ្យបានច្រើន ជាអតិបរមា រហូតឈានទៅដល់អ្វីមួយដែល ពិភពលោកស្គាល់ថា ជាការគ្របដណ្តប់បែប សកល និងលក្ខណៈសម្គាល់ទី២ នៃផ្នែក ប.ស.ស គឺអ្នកដែលស្ថិតនៅក្រោមការគ្របដណ្តប់ ត្រូវបង់វិភាគទានចូលទៅក្នុងបេឡា រួមមួយ ចូលទៅក្នុងកេសរួមមួយ ចូលទៅ មូលនិធិរួមមួយ ដើម្បីដកយកថវិកានោះ មកចំណាយនៅពេលដែលបង់ថ្លៃការទទួល សេវា ដែលបច្ចុប្បន្ននេះ គឺយើងមានរបបសន្តិសុខសង្គម ចំនួន៣ធំៗ គឺទី១ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព (បណ្ណ ប.ស.ស) ទី២ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងទី៣ របបសន្តិសុខសង្គម ផ្នែកសោធននិវត្តន៍។ ចំណែកប្រព័ន្ធជំនួយសង្គម មានន័យថា ថវិកាដែលត្រូវជួយ គឺជាថវិកាជាតិទាំង ស្រុង បានមកពីថវិកាដែលទទួលបានពីការ ប្រមូលពន្ធរបស់រដ្ឋយើង។ អ៊ីចឹងជំនួយសង្គម គឺផ្តល់ជំនួយទៅដល់ពលរដ្ឋ ប៉ុន្តែដើម្បីផ្តល់ជំនួយទៅដល់ពលរដ្ឋ គឺជាអភិក្រមមិនផ្តល់ ជំនួយទៅដល់អ្នកគ្រប់គ្នាទេ គឺផ្តល់ជំនួយទៅដល់ក្រុមគោលដៅជាក់លាក់នៅក្នុងកាលៈ- ទេសៈជាក់លាក់។ ហេតុដូច្នេះហើយ បានជា នៅក្នុងក្របខ័ណ្ឌគោលនយោបាយកម្ពុជាយើងថា ការកំណត់ក្រុមជាក់លាក់ដំបូងគេបំផុត គឺត្រូវឈរលើមូលដ្ឋាននៃកម្រិតជីវភាពរបស់ពួកគាត់។ មានន័យថា ការកំណត់ក្រុម គោលដៅចម្បង គឺត្រូវឈរលើមូលដ្ឋាននៃកម្រិតជីវភាពក្រីក្រ ឬមិនក្រីក្រ។ បើសិនជាគ្រួសារទាំងនោះ ត្រូវបានវាយតម្លៃថាក្រីក្រ រដ្ឋនឹងចេញបណ្ណ ដើម្បីទទួលស្គាល់គាត់ ដែលបណ្ណនោះ មានឈ្មោះថា “បណ្ណសមធម៌”។លោកថេង បញ្ញាធន ប្រតិភូរាជរដ្ឋា-ភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គ-នាយកដ្ឋានផែនការ នៃក្រសួងផែនការ បាន បញ្ជាក់ទាក់ទងនឹងការងារកំណត់អត្តសញ្ញាណ គ្រួសារងាយក្រីក្រ និងងាយរងគ្រោះថា ការកំណត់គ្រួសារក្រីក្រ ក៏ដូចជាការផ្តល់បណ្ណ សមធម៌នេះ គឺយើងបានដំណើរការចាប់តាំង ពីឆ្នាំ២០០៦ មក ដោយពេលនោះ ធ្វើនៅតែជនបទទេ ប៉ុន្តែក្រោយមក នៅឆ្នាំ២០១៦ យើងកំណត់នៅទីប្រជុំជនទៀត ហើយ៣ឆ្នាំ ធ្វើម្តង ដែលវាយូរ។ នៅខែមិថុនា ឆ្នាំ២០២០ ចំវិបត្តិកូវីដ-១៩ ក្នុងរយៈពេល២ខែ ក្រសួងផែនការ បានដឹកនាំធ្វើបច្ចុប្បន្នភាពទិន្នន័យកំណត់អត្តសញ្ញាណជនក្រីក្រ ហើយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ បានចាប់ផ្តើមមានឡើង ដោយដំបូងនោះ គ្រួសារក្រីក្រដែលទទួលបានសាច់ប្រាក់នោះ បានប្រមាណ ៦០ម៉ឺននាក់ប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ ទិន្នន័យដែលបាន គឺប្រើប្រាស់ជាចម្បង ទី១ សម្រាប់ កម្មវិធីផ្តល់សេវាសុខាភិបាលឥតគិតថ្លៃ ពីមូលនិធិ សមធម៌សុខាភិបាល។
ទី២ កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារ អាយុក្រោម២ឆ្នាំ។ ទី៣ កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ដល់គ្រួសារក្រីក្រ ឬគ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ ទី៤ កម្មវិធីឧបត្ថម្ភជាសាច់ប្រាក់ដល់ក្រុមគោលដៅដែលមានការលំបាកផ្នែកជីវភាពនៅក្នុងតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅ នៃខេត្តកណ្តាល និងក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ។ ទី៥ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ពីអតិផរណាទឹកជំនន់ និងទី៦ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់យុវជនមកពីគ្រួសារក្រីក្រ ផ្តល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ ១លានកន្លះនាក់ តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីជាច្រើនទៀត ដែលបានអនុវត្តដោយអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា។ទាក់ទងដល់យន្តការជំនួយសង្គមនេះដែរ លោកថេង បញ្ញាធន បញ្ជាក់ថា ការកំណត់គ្រួសារក្រីក្ររបស់យើងនេះ ក៏បានចូលរួមក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមបរិបទថ្មីថា ការអភិវឌ្ឍសង្គមឌីជីថល គឺចាប់តាំងពីឆ្នាំ២០២០ មកដល់ពេលនេះ គឺយើងបានប្រែប្រួលពីការកំណត់គ្រួសារក្រីក្រ ដែលប្រើប្រាស់ ក្រដាស។ ពោលគឺកាលមុនឆ្នាំ២០២០ នោះ អ្នកដែលចុះទៅកំណត់គ្រួសារក្រីក្រ គាត់សរសេរលើក្រដាស បានចម្លើយរួចហើយ វេចខ្ចប់ចម្លើយទាំងអស់ មកដល់ក្រសួងផែនការ ពិនិត្យមើល ទើបផ្តល់បណ្ណ។ ប៉ុន្តែក្រោយឆ្នាំ២០២០ យើងលែងប្រើប្រាស់ក្រដាសទៀតហើយ គឺប្រើប្រាស់ថេប្លេត។ អ៊ីចឹងនៅពេលដែលគាត់ទៅសម្ភាសន៍គ្រួសារហ្នឹងត្រឹមត្រូវរួចហើយ ពេលឆ្លងក្រុមប្រឹក្សាឃុំ-សង្កាត់ ពិនិត្យឃើញថា ពិតជាគ្រួសារក្រីក្រហើយ គាត់ចាប់ផ្តើមបញ្ជូនមកដល់ប្រព័ន្ធនៅក្រសួងផែនការ ទើបក្រសួងចាប់ផ្តើមចេញបណ្ណ ដែលធ្វើការងារនេះលឿនជាងពេលមុន ដែលរង់ចាំដល់ទៅ២ខែ ទម្រាំតែផលិតបណ្ណហើយ បញ្ជូនទៅ តែក្រោយពីឆ្នាំ ២០២០ ក្រោយអនុម័តហើយ តែប៉ុន្មានម៉ោង គឺយើងចាប់ផ្តើមចេញបណ្ណហើយ ហើយយ៉ាងយូរ ១សប្តាហ៍ គ្រួសារទាំងអស់នោះ ទទួលបានបណ្ណហើយ។ ដូច្នេះការអភិវឌ្ឍបច្ចេកវិទ្យាក្នុងបរិបទថ្មីនេះ គឺលឿន សម្រាប់ទាំងសម្រួលការងារផង ឬក៏ដោះស្រាយបញ្ហាផ្សេងៗរបស់ប្រជាជនផង ហើយតែងតែចុះទៅតាមមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាដែលមាន។
លោកជួរ រតនៈ អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គម ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ ទាក់ទងនឹងតួនាទីភារកិច្ចរបស់ស្ថាប័នមូលនិធិជាតិជំនួយសង្គម ថា មូលនិធិជំនួយសង្គម ហៅកាត់ថា ម.ជ.ជ ដែលទើបតែបានបង្កើតឡើងជាផ្លូវការ នៅខែមករា ឆ្នាំ២០២៣ ហើយគឺជាសមាហរណកម្ម រវាងនាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្ត្រីស៊ីវិល និងបេឡាជាតិអតីតយុទ្ធជន។ ដូច្នេះ ម.ជ.ជ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលនៅក្រោមអាណាព្យាបាលបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយក៏ស្ថិតនៅក្រោមអាណាព្យាបាលផ្នែកហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ មូលនិធិជាតិជំនួយសង្គម មានតួនាទីពីរធំៗ ១- គឺការអនុវត្តនូវសកម្មភាពជាតិជំនួយ សង្គម និងមួយទៀត គឺការអនុវត្តនូវរបបសន្តិសុខសង្គម…” ។គួរបញ្ជាក់ថា បច្ចុប្បន្នមានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ ៨០ម៉ឺនគ្រួសារ ឬស្មើប្រមាណ ៣៥០០០០០នាក់ (៣លាន ៥សែននាក់) បានទទួលបណ្ណសមធម៌ ហើយរហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជាតិប្រមាណ ១,៣៣១ លានដុល្លារអាមេរិក ក្នុងការរ៉ាប់រងលើជំនួយសង្គម ចាប់តាំងពីជំងឺកូវីដ-១៩បានផ្ទុះឡើងនាពាក់កណ្តាលឆ្នាំ២០២០មក៕