ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ ឧសភា ២០១៩ ស្ថិតនៅចំណុចស្រះទឹកវាលចម្ងាយ៦៥០ម៉ែត្រ ខាងកើតភូមិកោងស្រែ ឃុំល្វេ ស្រុកស៊ីធរកណ្តាល ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ នៅម៉ោង៨យប់ថ្ងៃទី២២ ឧសភា ជនសង្ស័យ បានយកក្បាលពិល ដែលសាកបញ្ចូលភ្លើងនៅផ្ទះរបស់ខ្លួន មកឱ្យជីតារបស់ក្មេងស្រីរងគ្រោះ ពេលនោះជនសង្ស័យក៏បានបបួលក្មេងស្រីរងគ្រោះទៅឆ្លុះកង្កែបជាមួយគ្នា ។ លុះមកដល់វេលាម៉ោង១០យប់ ថ្ងៃទី២២ ឧសភា ជនសង្ស័យបានត្រឡប់មកផ្ទះវិញ ដោយមិនឃើញក្មេងស្រី មកជាមួយនោះទេ ឃើញដូច្នេះ ជីដូនក្មេងស្រីរងគ្រោះក៏បានសួរជនសង្ស័យថា “ចៅរបស់គាត់ទៅណា?” ពេលនោះជនសង្ស័យបានឆ្លើយថា “ចៅរបស់យាយ មិនបានទៅជាមួយខ្ញុំទេ” ភ្លាមនោះ ជីដូនក្មេងស្រីរងគ្រោះ បានស្រែកហៅអ្នកជិតខាងអោយជួយដើររកចៅស្រីទាំងយប់ ប៉ុន្តែរកមិនឃើញសោះ ។
ប្រភពដដែលបន្តថា លុះព្រឹកឡើងថ្ងៃទី២៣ ជីដូន និងជីតាក្មេងស្រីរងគ្រោះ បានរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីចុះអន្តរាគមន៍ជួយស្រាវជ្រាវរកក្មេងស្រីរងគ្រោះ ។ ពេលនោះ សមត្ថកិច្ចដឹកនាំកម្លាំងស្រាវជ្រាវដល់ចំណុចស្រះទឹកកើតហេតុ ក៏បានប្រទះឃើញសាកសពក្មេងស្រីរងគ្រោះអណ្តែតនៅលើទឹកស្រះ ។
កម្លាំងសមត្ថកិច្ច ក៏ស្រង់ឡើង ដោយមានគ្រូពេទ្យជំនាញចូលរួមពិនិត្យ និងធ្វើកោសល្យវិច័យសពផងដែរ ។សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារការរំលោភសម្លាប់ពិតប្រាកដមែន ។ ក្រោយពីធ្វើកំណត់ហេតុរួចរាល់ សមត្ថកិច្ចបានដឹកនាំកម្លាំង ចុះចាប់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ ។
ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបគេពិតជាបានរំលោភ និងសម្លាប់លើក្មេងស្រីរងគ្រោះប្រាកដមែន ដោយសារខ្លាចបែកការណ៍ រូបគេក៏បានយកសាកសពក្មេងស្រីយកទៅទម្លាក់ក្នុងស្រះទឹក រួចយកឈើ២កំណាត់ដោតខ្វែង សង្កត់កក្មេងស្រីជនរងគ្រោះថែមទៀត ព្រោះខ្លាចសាកសពអណ្តែតឡើង ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងឃុំខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីបន្តនីតិវិធី ៕