ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជិត៥ទៀបភ្លឺ ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីជនរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ជាអ្នកដឹកនាំតាជីយាយជី ជាង៣០នាក់ទៀត ដើម្បីទៅធ្វើបុណ្យនៅទីរួមខេត្តតាកែវ ដោយបានម៉ៅរថយន្តក្រុងមួយគ្រឿង សម្រាប់ធ្វើដំណើរទៅវិញទៅវិញផងដែរ លុះព្រឹកព្រលឹមម៉ោងកើតហេតុខាងលើ ខណ:ពេលដែលគាត់កំពុងតែដកទូរស័ព្ទ ចុចខលហៅយាយជីតាជីដែលគាត់ដឹកនាំទៅ ឲ្យមកជួបជុំគ្នាឡើងរថយន្តនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទន:តេលា ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមិនដឹងមកពីណា បានអែបមកពីក្រោយគាត់ រួចឆក់ទូរស័ព្ទដៃរបស់គាត់ បានសម្រេច ហើយជិះគេចខ្លួនបាត់ស្រមោល តែម្ដង ។
ទូរស័ព្ទដែលចោរឆកយកទៅបាត់នោះម៉ាក Sumsung មិនស្គាល់ម៉ូឌែល ដែលមានតម្លៃជាង៣០០ដុល្លារ ។
ក្រោយកើតហេតុគាត់ក៏មិនបានដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស៌ិ្តណាមួយឡើយគឺគាត់និយាយថា មិនចង់ចំណាយពេល ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ធ្វើអ្វីទៀតទេនាំតែវែងឆ្ងាយទេដាច់បុណ្យដាច់ទានអស់ព្រោះជាប់ដឹកនាំយាយជីតាជីទៅធ្វើបុណ្យនៅទីរួមខេត្តតាកែវ ៕