(ព្រះវិហារ)៖ ផ្លូវឡើងទៅតំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ត្រូវបានជំនន់ទឹកភ្លៀងវាយប្រហារ បណ្ដាលឲ្យខូចខាតធ្វើឲ្យប្រជាពលរដ្ឋលំបាកក្នុងការធ្វើដំណើរប្រចាំថ្ងៃ។
ដោយឃើញស្ថានភាពនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងនគរបាល ពិសេសកម្លាំងនគរបាលការពារព្រំដែនគោក ប៉ុស្ដិ៍ព្រំដែនអានសេះ ចុះជួសជុលរៀបចំផ្លូវវាងប្រជាពលរដ្ឋជាបណ្ដោះអាសន្ន។
ប្រតិបត្តិការជួសជុលផ្លូវជាបណ្ដោះអាសន្ននេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការចូលរួមពី កម្លាំងនគរបាលការពារព្រំដែនគោក ប៉ុស្តិ៍ព្រំដែនអានសេះ នៃវរសេនាតូច លេខ៧៩៣។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ លៀង ភារម្យ ក៏បានឧបត្ថម្ភថវិកាជូនកម្លាំងនគរបាលប៉ុស្តិ៍ព្រំដែនអានសេះ ចំនួន២៥នាក់ ក្នុងម្នាក់ចំនួន៥០,០០០រៀលផងដែរ។
បន្ថែមពីនេះ លោកប្រធាននាយកដ្ឋានក៏បានក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវតែត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីចេញអន្ដរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានបញ្ហាកើតឡើង៕