(ត្បូងឃ្មុំ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកម្ពុជា និងប្រតិភូអមដំណើរ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី និងគ្រឿងសក្ការៈបូជាជាច្រើនទៀត ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទេយ្យវត្ថុរួមទាំងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តគិរីមានជ័យ ហៅវត្ដពន្លាក ស្ថិតនៅភូមិចារធំ ឃុំចុងជាច ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លាមួយ ក្នុងព្រះពុទ្ធសាសនា ដែលតែងតែដឹកនាំមន្ដ្រីគ្រប់លំដាប់ថ្នាក់នៃកាកបាទក្រហមកម្ពុជា និងមន្ដ្រីជាច្រើនផ្នែកទៀត បូជាទៀនធូប ផ្កាភ្ញី ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទេយ្យវត្ថុជាច្រើន រួមទាំងបច្ច័យ ប្រគេនព្រះសង្ឃ គង់នៅតាមវត្ដអារាម ដើម្បីទ្រទ្រង់ និងជ្រោងទង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើន។
ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ រួមមាន ៖ អង្ករ ២០០គីឡូក្រាម, មី ១០កេស ត្រីខ ៣កេស, សាច់ក្រក ១០គីឡូក្រាម, ត្រីងៀត ១០គីឡូក្រាម , ស្ករស ១០គីឡូក្រាម , ទឹកដោះគោខាប់ ២កេស, អូវ៉ាន់ទីន ២កេស, តែ ១០គីឡូក្រាម , ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធ ១០កេស និងបច្ច័យ ៥លានរៀល ។
ដោយឡែក ព្រះសង្ឃ១៤អង្គ ក្នុង១អង្គៗ ទទួលបានស្លាដក់១ ដោយព្រះសង្ឃ១៣អង្គ១អង្គៗ ទទួលបានបច្ច័យ១០ម៉ឺនរៀល និងព្រះចៅអធិការ វត្តថវិកា១លានរៀល។
សម្រាប់ជូនយាយជីតាជីចំនួន៣១នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល និងក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀល និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាបន្ថែម ចំនួន៥លានរៀលទៀត ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ក្នុងនោះគណៈប្រតិភូអមដំណើរ ក៏បានចូលរួមប្រគេនបច្ច័យចំនួន២ពាន់ដុល្លារ និង១១លានរៀលផងដែរ។
សូមជម្រាបថា ក្នុងឱកាសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកម្ពុជា និងប្រតិភូអមដំណើរ អញ្ជើញបូជា ទៀន ធូប ផ្កាភ្ញី និងគ្រឿងសក្ការៈបូជាជាច្រើនទៀត ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទេយ្យវត្ថុរួមទាំងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តគិរីមានជ័យ ហៅវត្ដ ពន្លាក បន្ទាប់ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ១,៧៧១គ្រួសារ នៅក្នុងស្រុកចំនួន៥ នៃខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី៣១ ខែសីហានេះ៕