(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាជាថ្មី ឲ្យកម្លាំងសមត្ថកិច្ចដែលពាក់ព័ន្ធទាំងអស់ ត្រូវតែអនុវត្តច្បាប់យ៉ាងដាច់ខាត ចំពោះសកម្មភាពប្រមូលផ្ដុំមហាជនគ្រប់រូបភាព ដែលជ្រកក្រោមស្លាកគណបក្សនយោបាយណា ដែលត្រូវតុលាការកំពូលរំលាយចោល។
សម្ដេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ បានចាត់ទុកថា វិធានការរបស់សមត្ថកិច្ចត្រូវតែអនុវត្តជាដាច់ខាតនេះ ដើម្បីរក្សាសុខសន្ដិភាព និងស្ថេរភាពនយោបាយ ឲ្យស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលប្រទេសកម្ពុជា បាននិងកំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួន។
សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ទៀតថា ប្រទេសមួយដែលកាន់លទ្ធិប្រជាធិបតេយ្យ កាលណាការធ្វើសកម្មភាពនយោបាយ ក្រោមស្លាកគណបក្សដែលស្របច្បាប់ គឺជាការត្រឹមត្រូវដែលរាជរដ្ឋាភិបាលលើកទឹកចិត្ត ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ ប៉ុន្ដែការធ្វើខុសច្បាប់ មិនត្រូវបានអនុញ្ញាតឡើយ។
សម្ដេច ស ខេង បានសង្កត់ធ្ងន់បែបនេះថា «ការប្រជុំទាំងឡាយណា ក្រោមស្លាកគណបក្សដែលត្រូវបានរំលាយដោយតុលាការកំពូល គឺជាការប្រជុំមិនត្រឹមត្រូវ មិនស្រប មិនស្របតាមគោលការណ៍ប្រជាធិបតេយ្យ បន្ថែមលើនេះការប្រជុំដើម្បីគាំទ្រនូវចលនាសង្គ្រោះជាតិ ដែលជាចលនាខុសច្បាប់ ក៏ជាការខុសច្បាប់។ ការប្រមូលផ្ដុំប្រជាជន ដើម្បីទៅប្រឆាំងផ្ដួលរំលំរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត ក៏ខុសច្បាប់»។
យ៉ាងណាក៏ដោយ សម្ដេចប្រមុខដឹកនាំក្រសួងមហាផ្ទៃរូបនេះ មិនអាចបញ្ជាក់ថា សមត្ថកិច្ចត្រៀមក្នុងរូបភាពណានោះទេ ប៉ុន្ដែសម្ដេចគ្រាន់តែបញ្ជាក់ថា ជាគោលការណ៍របស់រដ្ឋាភិបាលកម្ពុជា គឺត្រូវធានាសុខ សន្ដិភាព ស្ថេរភាព ហើយធានាឲ្យលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នៅកម្ពុជារស់តទៅទៀត។
សូមជម្រាបថា ការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ដែលបានសួរថា តើសមត្ថកិច្ចនឹងត្រៀមលក្ខណៈបែបណា ក្រោយពីទណ្ឌិត សម រង្ស៊ី បានប្រកាសថា នឹងវិលចូលប្រទេសកម្ពុជា នៅពេលឆាប់ៗខាងមុខនេះ ពោលនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕