(កំពង់ស្ពឺ)៖ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ សម្តេចម៉ែ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ បានយាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដំបូលប្រក់លើទីលានហ្វឹកហាត់កីឡាបាល់បោះ សម្រាប់ជនពិការ នៅខេត្តកំពង់ស្ពឺ។
ពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដំបូលប្រក់លើទីលានហ្វឹកហាត់កីឡាបាល់បោះ សម្រាប់ជនពិការ នៅខេត្តកំពង់ស្ពឺ ក៏មានការចូលរួមពីគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម អាយស៉ីអរស៉ី (ICRC) ផងដែរ។
មានព្រះរាជបន្ទូលក្នុងឱកាសនោះ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី បាននាំនូវព្រះរាជបណ្តាំសួរសុខទុក្ខរបស់ សម្តេចព្រះមហាក្សត្រី ព្រះវរាជជាតិខ្មែរ ដែលព្រះអង្គតែងយកព្រះទ័យ ទុកដាក់ ដល់សុខទុក្ខ របស់កូន ចៅ ចៅទួត។ សមទ្ធិផលដែលសម្រេចបាននៅថ្ងៃនេះដែរ គឺបានមកពីព្រះរាជជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ព្រះអង្គ ព្រមជាមួយសប្បុរសជននានា ដែលបានដើរតាម គំរូវីរភាពរបស់ ព្រះកុរណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ ស្តេចជាព្រះបីតាកីឡា និងអប់រំ នៅជំនាន់សម័យសង្គមរាស្ត្រនិយម។
ព្រះអនុជបានមានបន្ទូលកោតសសើរ ចំពោះដំណើរការសាងសង់ដំបូលទីលានហ្វឹកហាត់កីឡាបាល់បោះជនពិការ ដោយមានព្រះរាជឧបត្ថម្ភ ពីសម្តេចព្រះមហាក្សត្រី ព្រះវរាជជាតិខ្មែរ រួមជាមួយសប្បុសជន និងបុគ្គលិកគណៈកម្មាធិការអន្តរជាតិនៃកាកក្របាទ មណ្ឌលស្តាលទ្ធភាពពលកម្មកាយសម្បទាផងដែរ។
ក្នងឱកាសនោះព្រះអនុជ នរោត្តម អរុណរស្មី បានប្រទានព្រះរាជអំណោយ ដល់ក្រុមកីឡាបាល់បោះជនពិការ និងជនពិការដែលកំពុងសម្រាកព្យាបាលនៅ អង្ករចំនួន២០បាវ មី៤៧កេស ព្រមទាំងកាត់ខ្សែបូរ ដាក់ឲ្យប្រើប្រាស់ទីលានហ្វឹកហាត់កីឡាបាល់បោះជនពិការជាផ្លូវការ ដែលមានតម្លៃជាង ៤ម៉ឺនដុល្លាអាមេរិក៕