កំពត៖ នៅថ្ងៃងទី១០ ខែសីហា ឆ្នាំ២០១៩ ថៃ្ងត្រង់ កំពស់ទឹកព្រែកកំពង់បាយបានកើនឡើងបន្ថែមទៀត ដោយសារផ្នែកខាងលើ នៃផ្ទៃអាងទឹកវារីអគ្គិសនីកំចាយមានភ្លៀងបន្ថែម ដូចនេះ បានបង្កឲ្យមានការលិចចូលក្រុងកំពត នៅកន្លែងទំនាបៗ ដូចជាផ្លូវមុខ មន្ទីរពេទ្យខេត្ត។
គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជម្រាបជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថា ដោយស្ថានភាពអាកាសធាតុភ្លៀងនៅតែបន្តធ្លាក់ជាប់រយៈពេលប៉ុន្មានថ្ងៃនេះ។
ហេីយនៅតំបន់ភ្នំភ្លៀងក៏បន្តធ្លាក់ខ្លាំង បណ្តាលអោយទឹកហូរចូលក្នុងអាងទំនប់វារីអគ្គិសនីកំចាយមានទំហំច្រេីន ក្រុមបច្ចេកទេសវារីអគ្គិសនីកំចាយបានបេីកទ្វារទឹកចំនួន៥ដេីម្បីរំដោះទឹកចេញពីទំនប់ ហេតុការណ៍នេះអាចបណ្តាលអោយមានទឹកជំនន់នៅតំបន់មួយចំនួននៅជាប់ដងព្រែកកំពង់បាយ និងក្រុងកំពត លេីផ្ទៃសមុទ្រមានភ្លៀង និងខ្យល់ខ្លាំង រលកសមុទ្រអាចមានកម្ពស់ពី១ម៉ែត្រ ទៅ២ម៉ែត្រ
អាស្រ័យហេតុនេះសូមបងប្អូនបង្កេីនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដេីម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ៕



